(ពោធិ៍សាត់)៖ លោក ហៀម ឃួន អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកឧត្តមសេនីយ៍ឯក សុក្រិត្យ ថនឥស្សារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងលោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត នាល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុគោលដ្ឋាន ស្ថិតិអត្រានុគោលដ្ឋាន និងអត្តសញ្ញាណកម្ម ជូនដល់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បន្ទាប់ពីដំណើរការមួយថ្ងៃពេញ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសបិទសិក្ខាសាលា លោក ហៀម ឃួន អភិបាលរងខេត្ឥ តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន២ គឺ៖ ១-ផ្សព្វផ្សាយឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ អំពីខ្លឹមសារនៃច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង២-ពិនិត្យ និងពិភាក្សាអំពីឱកាស បញ្ហាប្រឈម និងតម្រូវការនានា សម្រាប់ជាមូលដ្ឋានរៀបចំលិខិត បទដ្ឋានគតិយុត្តក្រោមច្បាប់ សំដៅធានាដល់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលរងខេត្ត បន្តថា សិក្ខាសាលានេះនឹងក្លាយជាដើមទុនដ៏សំខាន់ សម្រាប់សិក្ខាកាមទាំងអស់ ដែលជាតួអង្គសំខាន់ និងជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្ត ចូលរួមចំណែកអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ដើម្បីបម្រើសេវាសាធារណៈដោយផ្ទាល់ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ឈានទៅសម្រេចបាននូវការអភិវឌ្ឍ តាមបែបប្រជាធិបេតយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និងយុទ្ធសាស្ត្របញ្ហាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ក្នុងឱកាសនោះ លោក ហៀម ឃួន ក៏បានផ្តល់ជាមតិយោបល់មួយចំនួន ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងស្នងការដ្ឋាននគរបាលខេត្ត ត្រូវគ្រប់គ្រង និងជំរុញការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ទៅចុះបញ្ជីកំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងធ្វើអត្តសញ្ញាណប័ណ្ណ ចំពោះអ្នកដែលគ្រប់អាយុ អ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណ និងមានហើយតែជិតហួសសុពលភាព, ពង្រឹង និងយកចិត្តទុកដាក់ ចំពោះការទទួលពាក្យស្នើសុំកែតម្រូវទិន្នន័យ និងចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ។ ជាមួយគ្នានោះ ត្រូវបណ្តុះបណ្តាលសមត្ថភាពមន្ត្រីជំនាញ ព្រមទាំងខិតខំតាមដាន និងជំរុញការផ្តល់ឯកសារស្ថិតិ ទៅដល់អធិការក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល តាមតម្រូវការជាក់ស្តែង ដោយធ្វើយ៉ាងណាអនុវត្តតាមស្មារតីច្បាប់ថ្មីនេះឱ្យមានប្រសិទ្ធភាព និងដំណើរការរលូន។

សូមជម្រាបជូនថា ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០៧២៣/០០៩ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ និងត្រូវចូលជាធរមាននៅរយៈពេល១២ខែ ក្រោយថ្ងៃប្រកាស ពោលគឺនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ គឺជាសកម្មភាពអាទិភាពមួយដែលមានភាពចាំបាច់ និងត្រូវអនុវត្តជាបន្ទាន់ ដើម្បីធានាបានថាច្បាប់នេះត្រូវបានអនុវត្តបានទាន់ពេលវេលាកំណត់ និងមានប្រសិទ្ធភាព។ បន្ថែមពីនោះ តាមរយៈសិក្ខាសាលានេះ បានធ្វើឱ្យសិក្ខាកាមយល់កាន់តែច្បាស់អំពីទិដ្ឋភាពរួមនៃច្បាប់ ខ្លឹមសារសំខាន់ៗ និងទិសដៅ ជាអាទិភាព ដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់ ស្របតាមតួនាទី និងភារកិច្ចប្រសព្វពាក់ព័ន្ធនីមួយៗ។ ទាំងនេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៃការអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណ ២០១៧-២០២៦» របស់រាជរដ្ឋាភិបាលកម្ពុជា៕