(តាកែវ)៖ ករណីក្មេងទំនើងជិះម៉ូតូដេញកាប់គ្នានៅតាមបណ្ដោយផ្លូវជាតិលេខ៣ ម្ដុំផ្សារអង់តាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាល និងអាវុធហត្ថខេត្ត ស្រាវជ្រាវបង្ក្រាបបានចំនួន២នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងស្រាវជ្រាវចាប់ខ្លួនបន្ដ។

បន្ទាប់ពីមានករណីក្រុមក្មេងទំនើងដេញកាប់គ្នា លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានចុះដឹកនាំកម្លាំងស្រាវជ្រាវ ហើយនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងចំណោមបក្ខពួកមួយចំនួន ដែលបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ពូថៅ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

ប្រតិបត្តិការចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើ ដឹកនាំបញ្ជាផ្ទាល់ពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។ កម្លាំងជំនាញកំពុងបន្តធ្វើការសាកសួរជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យផ្សេងៗ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអះអាងថា ជនសង្ស័យ៣នាក់ទៀត ដែលរត់គេចខ្លួនសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់អស់ហើយ កំពុងតែសុំដីកាចាប់ខ្លួនពីព្រះរាជអាជ្ញា។

ដោយឡែក លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានប្រាប់ភ្នាក់ងារ Fresh News ថា កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម ប៉ុស្តិ៍នគរបាលរដ្ឋបាលតាភេម និងប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ជា ថាវិន អាយុ១៧ឆ្នាំទីលំនៅបច្ចុប្បន្នភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ជាសិស្សរៀនថ្នាក់ទី11A នៃវិទ្យាល័យតេជោ ហ៊ុន សែន អង្គសោម៕