(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួន នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»​។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្បុរសជនទាំងអស់ ដែលបានចូលរួមថវិកាសាងសង់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្ស និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់អ្នកឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណ កសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ដែលតែងផ្តល់ជំនឿចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយតែងបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មិនត្រឹមជួយលើកកម្ពស់ការគោរពប្រណិប័តន៍ផ្នែកព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែក៏បានក្លាយទៅជាកន្លែងសម្រាប់ការទាក់ទាញអ្នកទេសចរផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មានសុខសន្តិភាព​ គឺមិនអាចផ្តល់ឱកាសក្នុងការកសាងសមិទ្ធផលផ្នែកសាសនា និងផ្តល់សិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋគោរពប្រណីប័តន៍ផ្នែកសាសនា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលដ្ឋានធំរបស់រាជរដ្ឋាភិបាល គឺការធ្វើបុណ្យ។ ធ្វើបុណ្យធំបំផុតដំបូងគេ គឺការរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ និងការជួយដល់ប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអនុវត្តនយោបាយឈ្នះ ឈ្នះ គឺជាការធ្វើបុណ្យដ៏ធំ។ នយោបាយឈ្នះ ឈ្នះ ជានយោបាយផ្តល់ក្តីអនុគ្រោះធំឱ្យគ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មានការធ្វើបុណ្យដោយការយោគយល់គ្នា តាមរយៈនយោបាយឈ្នះ ឈ្នះទេនោះ គឺគ្មានសុខសន្តិភាពដូចពេលបច្ចុប្បន្ននោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើបុណ្យនេះ បាននាំមកនូវសុខសន្តិភាព ហើយក៏ជាមូលដ្ឋាននៃការការពារសុខសន្តិភាពផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សហគមន៍មួយបើគ្មានបុណ្យទេនោះ នឹងនាំឱ្យមានការឈ្លោះប្រកែក ទាស់ទែង និងហិង្សា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើបុណ្យមិនមែនមានតែនៅក្នុងវត្តនោះទេ ការចេះជួយគ្នា ការមិនធ្វើអំពើអាក្រក់ដាក់គ្នា ក៏ជាការធ្វើបុណ្យមួយដ៏ធំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមកុំប្រកួតប្រជែងរឿងកាប់ដាវ។ សម្តេចបានបញ្ជាក់ថា ម្សិលមិញសម្តេចបានបញ្ជាឱ្យតាមរកក្រុមក្មេង ដែលដេញកាប់គ្នាតាមផ្លូវជាតិលេខ៣។ ពេលនេះរកឃើញមួយចំនួនហើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើទៅយុវវ័យថា កុំក្លាហានជាមួយរឿងខុសច្បាប់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងត្រូវរួមគ្នាទប់ស្កាត់អំពើជ្រុលនិយមក្នុងសាសនា ដើម្បីបញ្ចៀសជម្លោះផ្នែកសាសនា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមផ្តើមចេញពីពីផ្នត់គំនិតរបស់មនុស្ស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំយុវវ័យកំពង់ស្ពឺ ត្រូវធ្វើខ្លួនឱ្យខ្លាំងខាងសិក្សារៀនសូត្រ កុំខ្លាំងខាងកាប់ដាវ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថា នឹងមានការសាងសង់ផ្លូវតភ្ជាប់ពីកំពង់ស្ពឺ ទៅកាន់ខេត្តកោះកុង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណអ្នកខេត្តកំពង់ស្ពឺ ដែលបានគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ ធ្វើលើទឹកដីខ្មែរ ធ្វើដើម្បីប្រយោជន៍ខ្មែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងមានការចូលរួមទុនភាគច្រើនពីអ្នកវិនិយោគខ្មែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលមានស្មារតីជាតិខ្លាំងក្លាបំផុត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមជួយគាំទ្រផ្ដល់យោបល់លើលក្ខណៈបច្ចេកទេស ទម្រង់ និងរចនាបទ សម្រាប់ការកសាងសំណង់នានា ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប និងព្រះបដិមាជាដើម ធ្វើយ៉ាងណា ឱ្យត្រឹមត្រូវតាមលក្ខណៈសាសនា វប្បធម៌ជាតិ ដើម្បីបានជាមរតកដ៏ថ្លៃថ្លា និងមានតម្លៃសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមអភិរក្ស និងអភិវឌ្ឍបរិស្ថានធម្មជាតិនៅទីនេះឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដូចជាការថែទាំ ការដាំដើមឈើបន្ថែម និងការអភិរក្សសត្វព្រៃជាដើម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរួមគ្នាប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាឱ្យបានផលប្រយោជន៍ ច្រើនបំផុតសម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេសជាតិ ជាពិសេសស័ក្តិសមបំផុតសម្រាប់ការអប់រំលើកម្ពស់សីលធម៌សង្គម និងការបដិបត្តិសមាធិអប់រំចិត្ត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ត្រូវសហការជាមួយគណៈសង្ឃនាយក ក្រសួងធម្មការ និងសាសនា ដើម្បីប្រើប្រាស់ទីកន្លែងនេះ ជាកន្លែងពហុវិស័យក្នុងការបម្រើផលប្រយោជន៍សម្រាប់ ពុទ្ធសាសនា បូជនីយដ្ឋានទេសចរណ៍សាសនា និងជាកន្លែងបណ្តុះនូវគុណធម៌ សីលធម៌ ចរិយាធម៌ និងបដិបត្តិសមាធិ ដល់យុវជន និងពុទ្ធបរិស័ទ ទាំងជាតិ និងអន្តរជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំយកចិត្តទុកដាក់ លើកកម្ពស់គុណតម្លៃប្រពៃណីព្រះពុទ្ធសាសនា និងការអប់រំសីលធម៌ គុណធម៌ ចរិយាធម៌ ដែលជាគុណតម្លៃសម្រាប់ការរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនា តាមរយៈការផលិត និងចាក់ផ្សាយនូវ វីដេអូខ្លីៗ នៅតាមបណ្តាញសង្គម និងផ្ទាំងទូរទស្សន៍សាធារណៈ ហើយសូមឱ្យបន្តសកម្មភាពនេះ ឱ្យបានខ្ជាប់ខ្ជួន និងឱ្យកាន់តែផុលផុសថែមទៀត ដើម្បីចូលរួមចំណែកកសាងនូវមូលធនមនុស្សក្នុងសង្គម ប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៨៖៤៥នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕