(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»​។

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលការអនុញ្ញាត​ពីរាជរដ្ឋាភិបាល​កម្ពុជា តាមរយៈអនុក្រឹត្យចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្ដីពីការកំណត់តំបន់គ្រប់​គ្រង ក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយត្រូវបាន​កំណត់​តំបន់គ្រប់គ្រង ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» លើផ្ទៃដី​សរុបចំនួន ១២៦ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងភូមិ​សាស្ត្រឃុំ​ចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំ កសាងអភិវឌ្ឍប្រែក្លាយទៅជាបូជនីយ​ដ្ឋានជាទី​គោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិអន្តរជាតិ និងជារមណីយដ្ឋានទេស​ចរណ៍​វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជា​មរតក​ដល់​កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវ​ស្វែង​យល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។

គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន ៣៨ គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និង បញ្ញា រួមមាន​ការ​សាង​សង់​ព្រះចូឡា មុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន៤ មហា​ប្រា​សាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤,០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនាផងដែរ។

សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មានសមិទ្ធផលធំៗចំនួន៣ រួមមាន៖ ទី១៖ មហាប្រាសាទព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់សិលាចារិកព្រះត្រៃបិដក ១.១៧០ផ្ទាំង ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាអស់ចំនួន ៤,៦៥៧,៥០០ដុល្លារ, ទី២៖ ផ្លូវបេតុងចំនួន ៩ខ្សែ ប្រវែង ៣,១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចំណាយថវិកាសរុប ៧៥៧,៦៦២ដុល្លារ និងទី៣៖ បូជនីយដ្ឋានវិបស្សនាទំហំសរុប ៥០០ម៉ែត្រការ៉េ សម្រាប់ធ្វើសមាធិ និងវិបស្សនា តាមរចនាបទខ្មែរ ៥០កន្លែង ចំណាយថវិកាសរុប ៩៦,២៥២ដុល្លារ ដែលសរុបថវិកាសាងសង់ទាំងអស់ចំនួន ៥,៥១១,៤១៤ដុល្លារ។

ចាប់ផ្តើមពីរការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ថវិកាដែលបាន​ចំណាយ មានចំនួន ៩,៦១៧,៦៥៣ដុល្លារ៕