(ហ្សឺណែវ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ តាមរយៈទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ជួយគាំទ្រក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍ និងដំណើរការមន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យជាតិឯកទេសផ្នែកជំងឺមហារីក ឱ្យមានសមត្ថភាពបច្ចេកទេសខ្ពស់ដូចបណ្តាប្រទេសជឿនលឿននានា។

ការអំពាវនាវខាងលើនេះ បានធ្វើឡើងកំឡុងលោកសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញជួបប្រជុំ និងពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រីវេជ្ជបណ្ឌិត Lisa Stevens នាយិកាកម្មវិធីមហារីក នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency (IAEA)) នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងដំណើរបំពេញបេសកកម្មចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្នើសុំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បន្តពិនិត្យអំពីសមត្ថភាព និងតម្រូវការចាំបាច់របស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកសមត្ថភាពស្រាវជ្រាវធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកជូនប្រជាជនឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមការចង្អុលបង្ហាញ និងដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសបប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើសុំឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ពិនិត្យ និងសម្រេចអនុម័តលើគម្រោងនានា ដែលក្រសួងសុខាភិបាលកម្ពុជា គ្រោងនឹងដាក់ស្នើទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ នាពេលឆាប់ៗខាងមុខនេះ។

ក្នុងឳកាសនោះ លោកស្រីវេជ្ជបណ្ឌិត Lisa Stevens នាយិកាកម្មវិធីមហារីក នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានលើកឡើងថា ក្រុមការងារបច្ចេកទេស របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានអញ្ជើញមកធ្វើការសិក្សាស្វែងយល់ និងផ្តល់ជូនការវាយតម្លៃអំពីសមត្ថភាពទាំងមធ្យោបាយ និងធនធានមនុស្ស និងសមត្ថភាពនៃការគ្រប់គ្រងជំងឺមហារីកនៅកម្ពុជាលើកទី២ កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ ស្របពេលដែលវិស័យសុខាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសេវាសុខាភិបាលផ្នែកបង្ការ និងព្យាបាលជំងឺមហារីក ដែលកំពុងតែមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលបានយកចិត្តទុកដាក់ជួយកម្ពុជា ពង្រឹងសមត្ថភាពកាន់តែប្រសើរឡើងក្នុងការព្យាបាលជំងឺមហារីក និងនុយក្លេអ៊ែរផ្នែកវេជ្ជសាស្ត្រ ព្រមទាំងបានចូលរួមចំណែកក្នុងការបង្កើតមជ្ឈមណ្ឌលជាតិជំងឺមហារីក ដែលត្រូវបានសម្ពោធកាលពីខែមករាឆ្នាំ២០១៨កន្លងទៅ នៅមន្ទីរពេទ្យកាល់ម៉ែត៕