(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហែម ​ថា មេបញ្ជាការកងពលតូចលេខ៧០ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានទទួលស្វាគមន៍ដំណេីរទស្សនៈកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង(JIA JIANCHENG) មេបញ្ជាការរង និងជានាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងគណៈប្រតិភូ នៅទីបញ្ជាការកងពលតូចលេខ៧០។

លោកឧត្តមសេនីយ៍ឯក ហែម ​ថា បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ដំណើរទស្សនៈកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង និងបានចូលរួមជាអធិបតីក្នុងពិធីបិទសមយុទ្ធនាគមាស-ឆ្នាំ២០២៤ នៅកម្ពុជានាពេលនេះ ដោយចាត់ទុកដំណើរទស្សនកិច្ចនេះ ពិតជាបាននាំមកនូវការពង្រឹង និងពង្រីកទំនាក់ទំនងជាប្រពៃណី រវាងកងទ័ពប្រទេសទាំងពីរ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង (JIA JIANCHENG) បានគូសបញ្ជាក់ថា ក្នុងបណ្ដាឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ បានកសាងសហគមន៍វាសនារួម ចិន-កម្ពុជា បានឈានដល់ដំណាក់កាលថ្មី ប្រកបដោយគុណភាពខ្ពស់និងស្តង់ដារខ្ពស់ និងកំពុងជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រទាំង៦ វិស័យ មានជាអាទ៍ វិស័យនយោបាយ ផលិតភាព កសិកម្ម ថាមពល សន្តិសុខ និងមនុស្សសាស្ត្រ ឲ្យដើរមុនគេនៅលើសកលលោក។​

លោកឧត្តមសេនីយ៍ឯក ហែម ថា បានថ្លែងអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង(JIA JIANCHENG) មេបញ្ជាការរង និងជានាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន សូមទទួលបានជោគជ័យក្នុងដំណេីរទស្សនៈកិច្ចមកកាន់កម្ពុជា៕