(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ឱក តារារិទ្ធ រដ្ឋលេខាធិការ តំណាងលោក សុខ សុកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ចាន់ សុភាព អនុរដ្ឋលេខាធិការ តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នាសាលសន្និសីទចតុម្មុខ បានអញ្ជើញបើកព្រឹត្តិការណ៍ប្រឡងចម្រៀងជាពួកអន្តរជាតិ លើកទី១ នៅរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះ រៀបចំដោយ INTERKULTUR  និង ALL DREAMS CAMBODIA គាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងព័ត៌មាន និងសាលារាជធានីភ្នំពេញ។ ថវិកាចំណាយជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនទេសចរណ៍ All Dreams ។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានឱ្យដឹងថា កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិ ជាលើកទី១ នាថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីលើកស្ទួយវិស័យសិល្បៈវប្បធម៌ ទេសចរណ៍ និងបរិស្ថានរបស់ខ្លួនឱ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។

ចំពោះក្រុមចម្រៀងជាពួកអន្តរជាតិ គឺអញ្ជើញមកពីបណ្តាប្រទេសអាស៊ានចំនួន ៧ក្រុម មកចូលរួមប្រកួតប្រជែង៖ កម្ពុជា២ក្រុម ឥណ្ឌូនេស៊ី២ក្រុម ម៉ាឡេស៊ី២ក្រុម និងថៃឡង់ដ៍១ក្រុម សរុបប្រមាណ២៥០នាក់។ ព្រឹត្តិការណ៍ប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ នៅទីក្រុងភ្នំពេញ ក៏គ្រោងនឹងបន្ថែមនូវ«កម្មវិធីមិត្តភាព» (Friendship Concert) ដែលនឹងរៀបចំធ្វើនៅផ្សារទំនើប ឬទីកន្លែងណាផ្សេងទៀត សម្រាប់សាធារណជនទូទៅបានទស្សនា។ ព្រឹត្តិការណ៍នេះ ក៏មាននូវកម្មវិធីសិក្ខាសាលាសម្រាប់សិស្សនិស្សិតមកពីសាកលវិទ្យាល័យនិងសាលាផ្សេងៗ។

កម្មវិធីនេះ រំពឹងលើ ៣ចំណុចសំខាន់ រួមមាន៖ ទី១ ការរៀបចំនេះនឹងបើកទ្វារឱ្យទេសចរមកទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើន, ទី២ កម្មវិធីនេះ គឺជាកម្មវិធីអន្តរជាតិ ដូច្នេះអ្នកចូលរួមនៅពេលដែលត្រឡប់ទៅប្រទេសខ្លួនវិញពួកគេផ្សព្វផ្សាយពីកម្ពុជាដែរ និងចំណុចទី៣ គេរំពឹងថា បន្ទាប់ពីជោគជ័យលើការរៀបចំលើកទី១នេះហើយ នៅឆ្នាំ២០២៦ នឹងមានការរៀបចំជាលើកទី២ ហើយក៏មានការរៀបចំរៀងរាល់ ២ឆ្នាំម្តង និងកាន់តែធំជាងនេះទៀត៕