(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា នៅថ្ងៃនេះ បានផ្ញើសារថ្លែងអំណរគុណ ចំពោះលោកជំទាវ តាន់ហ្ស៊ីឡា ណាប៊ែវ៉ា ប្រធានព្រឹទ្ធសភានៃសភា នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាកម្ពុជា សម្រាប់នីតិកាលទី៥។

តាមរយៈសារលិខិតនេះ សម្តេចបានបញ្ជាក់ថា កម្ពុជា និងអ៊ូសបេគីស្ថាន មានទំនាក់ទំនងមិត្តភាពល្អជាមួយគ្នា ដោយផ្អែកលើការ គោរព និងការយោគយល់គ្នាទៅវិញទៅមក ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេស យើងទាំងពីរ ក្នុងឆ្នាំ១៩៩៥។

ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចក៏ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ លោក ជំទាវ និងព្រឹទ្ធសភា នៃសភា នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែម ទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការអន្តរសភារបស់ប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ ទៅវិញទៅមករវាងប្រទេស និងប្រជាជនប្រទេសទាំងពីរ៕