(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) បានប្រារព្ធកម្មវិធីសងទៅសង្គម ដោយមានចែកកាបូបសិក្សាដល់សិស្សពូកែ និងសិស្សក្រីក្រចំនួន៥០នាក់ មកពីសាលារៀនចំនួន៣ ស្ថិតក្នុងតំបន់អង្គរ មានសាលាបឋមសិក្សាត្រពាំងស្វាយ សាលាបឋមសិក្សាដូនឪ និងសាលាបឋមសិក្សាគោកគ្រើល។

កម្មវិធីនេះធ្វើឡើងនាបរិវេណសាលាបឋមសិក្សាគោកគ្រើល ស្ថិតនៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក សុខ លក្ខិណា តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ព្រមទាំងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា លោកនាយកសាលាបឋមសិក្សាទាំង៣ លោកគ្រូ អ្នកគ្រូ អាជ្ញាធរក្នុងតំបន់ និងសិស្សានុសិស្សផងដែរ។

ចំពោះការផ្តល់កាបូបរៀនដល់សិស្សពូកែ និងសិស្សក្រីក្រ នៅក្នុងសាលាបឋមសិក្សាទាំង៣នេះ គឺជារង្វាន់លើកទឹកចិត្ត ក្នុងការខិតខំសិក្សារៀនសូត្រ និងសកម្មភាពរបស់សិស្សានុសិស្សដែលជាក្រុមការងារបរិស្ថានរបស់សាលារៀន។

សូមជម្រាបថា សកម្មភាពទាំងនេះមិនមែនជាលើកដំបូងទេដែលអាជ្ញាធរជាតិអប្សរាបានរៀបចំពិធីចែកសម្ភារសិក្សា ព្រមទាំងកង់ជាដើមដល់សិស្សានុសិស្សស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ៕