(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា តាមរយៈការដាក់ឱ្យដំណើរ​ការនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) នឹងជួយដល់ម្ចាស់អាជីវកម្មកែច្នៃផលិតផលជលផលមានលទ្ធភាពពង្រីកទុនវិនិយោគរបស់ខ្លួនរហូតដល់៩នៃដើមទុនដែលមានបច្ចុប្បន្ន ដើម្បីជំរុញឱ្យការផលិតកាន់តែមានស្តង់ដារគុណភាព។

លោក ឌិត ទីណា ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីដាក់ឱ្យដំណើរការ នៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility-ISF) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

លោកបានគូសបញ្ជាក់ថា តាមរយៈគម្រោងនេះ សហគ្រាសកែច្នៃ ​នឹងទទួលបានកម្ចី៥ដងលើទុនសរុបដែលខ្លួនមានបច្ចុប្បន្ន ដើម្បីយកទៅពង្រីកអាជីវកម្ម។ ពោលគឺប្រសិនបើសហគ្រាសមួយបច្ចុប្បន្នមានទុន៥ពាន់ដុល្លារ នឹងអាចខ្ចីបានរហូត២ម៉ឺន៥ពាន់ដុល្លារ ហើយគម្រោងនឹងជួយបន្ថែមប្រមាណ៤០%ពីលើនេះ ដែលនឹងធ្វើឱ្យម្ចាស់អាជីវកម្មអាចទទួលបានការវិនិយោគ​ទុនបន្ថែមរហូតដល់​៤៥០០០ដុល្លារ។ហេតុដូច្នេះហើយ ម្ចាស់អាជីវកម្មដែលមានដើមទុនដើម​៥ពាន់ដុល្លារ និងអាចពង្រីករហូត៥ម៉ឺនដុល្លារ។

លោកបានពន្យល់ថា សហគ្រាសដែលនឹងទទួលបានការគាំទ្រ គឺតម្រូវឱ្យសហគ្រាសនីមួយៗត្រូវមានទុនផ្ទាល់ខ្លួន១០% ពោលគឺជាសហគ្រាសដែលមានទីតាំងសម្រាប់ប្រកបអាជីវកម្មខ្លួនឯងស្រាប់ និងបានដំណើរការអាជីវកម្ម ហើយចង់ពង្រីកអាជីវកម្មបន្ថែម។

លោកបានបញ្ជាក់ថា កម្ចីនេះ​នឹងត្រូវបានធានាដោយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) រហូតដល់៨០%។ ​លោកសុទិដ្ឋនិយមថា ការដាក់ដំណើរការនូវគម្រោងនេះ គឺជាការដាក់ចេញចំទិសដៅ ឆ្លើយតបទៅនឹងអ្វីដែលម្ចាស់សហគ្រាស់បានជួបប្រទះ ក្នុងការកែច្នៃផលិតផលជលផល​ ព្រមទាំងបានជះផលជាវិជ្ជមានដល់អ្នកទទួលផល​ផងដែរ។

លោកបានថ្លែងថា «អ៊ីចឹងគឺជាឱកាសមួយដ៏ធំណាស់សម្រាប់ឱ្យអ្នកដែលមានគំនិត អ្នកដែលតស៊ូ ខំប្រឹងប្រែង គឺអាចទៅដល់ការស្រម៉ៃរបស់ខ្លួនហើយចាប់យកភាពជោគជ័យ។ អ៊ីចឹងការរៀបចំគឺការគិតគូរល្អិត ហើយកម្ចីក៏មិនមែនជាកម្ចីដែលការប្រាក់ខ្ពស់។»

សូមជម្រាបថា កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ត្រូវបានដាក់ឱ្យដំណើរការដោយអង្គការ UNIDO រដ្ឋបាលជលផល និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផល​។ តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព​ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) គាំទ្រថវិកាដោយ សហភាពអឺរ៉ុប (EU) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) រដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) រួមគ្នាសម្ភោធដាក់ឲ្យដំណើរការកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលមានគោលដៅជំរុញកំណើន ក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។

​CGCC មានតួនាទីជាអង្គភាពគ្រប់គ្រង ISF ដោយធ្វើការជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។

​លោកបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC មានប្រសាសន៍ថា «ISF ពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះវិស័យជលផលនៅកម្ពុជា។ តាមរយៈគម្រោងនេះ ប្រតិបត្តិករពាក់ព័ន្ធ ក្នុងវិស័យជលផលក្រោយប្រមូលផល នឹងមានលទ្ធភាពទទួលបាននូវការគាំទ្រជំនួយបច្ចេកទេស ការសាងសមត្ថភាព និងជំនួយហិរញ្ញប្បទាន ដែលរួមមាន ជំនួយឥតសំណង និងឥណទានដែលមានការធានា ក្នុងលក្ខខណ្ឌអនុគ្រោះជាច្រើន។ គម្រោង ISF នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃវិស័យកសិកម្ម ជាមួយការរក្សាបាននូវគុណភាពនៃផលិតផលកសិកម្ម និងកសាងបាននូវភាពធន់នៃវិស័យនេះ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពស្បៀង ក៏ដូចជាការបង្កើនបាននូវតម្លៃបន្ថែមកាន់តែខ្ពស់ និងភាពប្រកួតប្រជែង ទាំងតម្លៃ និងគុណភាព»។ ​

​លោក ដឺជេន តេហ្សេរ៉ា នាយកផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិពាណិជ្ជកម្មរបស់អង្គការ UNIDO លើកឡើងថា «អង្គការ UNIDO ពិតជាមានមោទនភាពក្នុងការដាក់ចេញនូវកម្មវិធី ISF សម្រាប់បម្រើឱ្យវិស័យនេះ។ តាមរយៈបទពិសោធន៍ដ៏រឹងមាំរបស់ UNIDO លើការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ យើងមានជំនឿយ៉ាងមុតមាំថាគម្រូកម្មវិធី ISFនេះ ពិតជាអាចរួមចំណែកបង្កើនគុណតម្លៃ និងបរិមាណនៃផល ផលិតផលជលផលដែលប្រកបដោយគុណភាព និងសុវត្ថិភាព ជួយឱ្យសហគ្រាសកែច្នៃផល ផលិតផលជលផលទទួលបានជោគជ័យនៅក្នុងទីផ្សារសកល»