(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានក្រើនរម្លឹកឲ្យនាយទាហាន ពលទាហានគ្រប់រូប ត្រូវចងចាំនូវមេរៀនប្រវត្តិសាស្រ្ត ដែលនាំកម្ពុជាទទួលរងនូវផលវិបាក ដោយសារសង្គ្រាមអស់ជាច្រើនទសវត្ស ក្នុងរបប លន់ នល់ ដែលបានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ពីអំណាចដោយយកលេសថា បានធ្វើឲ្យបាត់បង់ទឹកដី ឬកាត់ដីឲ្យវៀតណាមជាដើម។

ការថ្លែងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីប្រចាំសប្ដាហ៍។ នាយឧត្តមសេនីយ៍​អគ្គមេបញ្ជាការង បានបញ្ជាក់ថា «ឥឡូវនេះជារឿយៗ ក្រុមប្រឆាំងនៅកម្ពុជា តែងតែលើកយកបញ្ហាប្រកាន់ពូជសាសន៍ជនជាតិវៀតណាម បញ្ហាព្រំដែន មកធ្វើជាលេស ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំ​ប្រទេសសព្វថ្ងៃ ដើម្បីបំភាន់ការពិត និងទាក់ទាញ ទឹកចិត្តមហាជនឲ្យគាំទ្រខ្លួន ហើយទង្វើនេះថាបានបង្ហាញ ច្បាស់ពីសកម្មភាពបំបែកបំបាក់សាមគ្គីផ្ទៃក្នុងជាតិ ដែលនាំឲ្យកើតអំពើហិង្សា និងអាចឈានទៅបង្ក ជាជម្លោះជាមួយប្រទេសជិតខាង»

បន្ថែមពីនេះនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា «យើងគាំទ្រ និងការពាររាល់ សកម្មភាពណាដែលអនុវត្តត្រឹមត្រូវស្របតាមច្បាប់ជាធរមាន និងគោលការណ៍ លិទ្ធិប្រជាធិបតេយ្យ ប៉ុន្តែកងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាតរាល់ទង្វើ និងចេតនាអាក្រក់ទាំងឡាយណាដែលខុសនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ ប្រឆាំងរាល់អំពើហិង្សា អនាធិបតេយ្យ មានចរិកផ្តួលរំលំ បង្កអស្ថិភាព អសន្តិសុខ នាំឲ្យជាតិធ្លាក់ក្នុងមហន្តរាយ»

ជាចុងក្រោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានផ្តាំផ្ញើដល់នាយទាហាន ពលទាហានគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបាន ខ្ពស់នៅគ្រប់កាលៈទេសៈ ដោយប្រកាន់ជំហរដាច់ខាតចំពោះ ក្រុមឱកាសនិយមទាំងឡាយ ដែលនាំឲ្យសង្គមជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ ធ្វើឲ្យប៉ះពាល់ដល់ សន្តិភាព សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាដំណើរការប្រក្រតី ភាពរបស់រដ្ឋ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ៕