(កណ្ដាល)៖ អគារសិក្សា១ខ្នង តម្លៃ៣១៧,៥៨៩ដុល្លារ មានទីតាំងស្ថិតនៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ទទួលបានការឧបត្ថម្ភពីសមាគមសប្បុរសធម៌សៃខអាប់ឌុលឡោះអាន់នូរី នៃរដ្ឋកូវ៉ែត សហការជាមួយអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។ ពិធីនេះ មានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធិសភា រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធរមូលដ្ឋាន ហាគឹម គ្រូបង្រៀន សិស្សានុសិស្ស ចំនួនជាង១ពាន់នាក់។

ថ្លែងទៅកាន់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងភ្ញៀវកិត្តិយសទាំងអស់ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់សប្បុរសជន ម្ចាស់ជំនួយខាងលើ ដែលបានខិតខំប្រឹងប្រែង និងគាំទ្រដល់វិស័យអប់រំ នៅកម្ពុជា។

លោកបណ្ឌិតបន្តថា ដោយសារកត្តាសុខសន្តិភាពបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ និយាយជារួម។ និយាយដោយឡែក ចំពោះសហគមន៍ឥស្លាម មួយរយៈពេលចុងក្រោយនេះ សង្កេតឃើញថា មានការវិវត្តយ៉ាងឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច និងវិស័យអប់រំ។

ក្នុងឱកាសនេះ លោកបណ្ឌិតលើកឡើងថា  បច្ចុប្បន្នកម្ពុជាបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្រប់សាសនាទាំងអស់នៅកម្ពុជា អាចរស់នៅជាមួយគ្នាបាន ដោយក្ដីគោរពគ្នាទៅវិញទៅមក គ្មានជម្លោះសាសនា និងរស់នៅជាមួយគ្នា ប្រកបដោយសេចក្ដីសុខសាន្ត ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត។ ជាពិសេសសហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម បានក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាម ឲ្យបានទាន់ពេលវេលា។

ទន្ទឹមគ្នានេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋភិបាលកម្ពុជា ដែលបានបើកទូលាយ ដល់ប្រជាជនកម្ពុជា ក្នុងការទទួលអំណោយមនុស្សធម៌ មកពីបណ្ដាប្រទេសនានា ដើម្បីចូលរួមអភិឌ្ឍនៅកម្ពុជា។ ជាចុងក្រោយ លោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវតែខិតខំរៀនសូត្រ ធ្វើយ៉ាងណាដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។

អគារសិក្សា អាប់ឌុលអាហ្សីស អាល់មូហ្សីនីខាងលើ បានចាប់ផ្តើមសាងសង់នៅថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៤ ដែលមានទំហំ ទទឹង៨ម៉ែត្រ បណ្តោយ៤៦ម៉ែត្រ កម្ពស់៣ជាន់ ស្មើនឹង១៥បន្ទប់។

អង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ហើយកន្លងមកនេះ អង្គការនេះបានដើរតួនាទីយ៉ាងសកម្មក្នុងការសហការជាមួយសមាគសប្បុរសធ៌ម ម្ចាស់ជំនួយ ដែលនៅបណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសអារ៉ាប់កូវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសអូស្រ្តាលី។

ក្នុងរយៈពេលប្រមាណ១០ឆ្នាំមកនេះ អង្គការនេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ មានដូចជា សាងសង់វិទ្យាល័យ សាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យ នៅតាមបណ្តាខេត្តមួយចំនួន សាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ សាងសង់ភូមិគំរូមួយកន្លែង ផ្ដល់អាហារូបករណ៍និស្សិត ចិញ្ចឹមថែទាំកុមារកំព្រា និងកុមារដែលមានជីវភាពខ្វះខាត ជីកអណ្ដូងទឹកស្អាត សាងសង់តូបលក់ឥវ៉ាន ចែកទូកនេសាទជូនប្រជាពលរដ្ឋ ចែកតុកតុកជូនប្រជាពលរដ្ឋ និងចែកគម្រោងចិញ្ចឹមគោជូនប្រជាពលរដ្ឋ៕