(កំពត)៖ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Fresh News នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានអំពាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមសហការឲ្យកាន់តែខ្លាំងជាមួយក្លិបអ្នកកាសែតកម្ពុជា សម្រាប់បេសកកម្មនៅក្នុងការជំរុញសក្ដានុពលទេសចរណ៍នៅកម្ពុជា។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងបេសកកម្មទី៤ របស់ក្លិបអ្នកកាសែតកម្ពុជា ដែលបានមកដល់ទីក្រុងបូកគោ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅក្នុងខេត្តសំខាន់ចំនួន៣ រួចមកដែលក្នុងនោះមាន ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តសៀមរាបជាដើម។

បើតាមការបញ្ជាក់របស់ លោក ពុយ គា ក្លិបអ្នកកាសែតកម្ពុជា មានបំណងក្នុងការដឹកនាំអ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័ន ធ្វើដំណើរទៅកាន់ទីកន្លែងគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានដឹង និងដើរកំសាន្ត តំបន់ទេសចរណ៍ទាំងនោះ។

សូមបញ្ជាក់ផងដែរ ក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានបានដឹកនាំអ្នកសារព័ត៌មានមកពី៣០ស្ថាប័ន ដែលមានគ្នាសរុបជិត៦០នាក់ ចុះទៅបំពេញបេសកម្មសារព័ត៌មានដើម្បី «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពល នៃការអភិវឌ្ឍន៍ក្រុងបូកគោ»។ បេសកម្មនេះធ្វើឡើងរយៈពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤៕

សូមទស្សនាកិច្ចសម្ភាសជាមួយ លោក ពុយ គា ដូចតទៅ៖