(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទឹកចិត្តសប្បុរសធម៌ មាន (អង្ករ៥០គីឡូ, មី២កេស, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, ម៊ុង, ភួយ, កន្ទេល, ខ្នើយ) ជាមួយសម្ភារផ្ទះបាយជាច្រើនមុខទៀត និងថវិកាមួយចំនួនផងដែរ ជួយសម្របសម្រួលជីវភាពរស់នៅដល់លោកយាយវ័យ៧៦ឆ្នាំ ដែលងាយរងគ្រោះឈ្មោះ ស៊ិន តន ដើម្បីជាការឆ្លើយតបតាម ស្មារតីដឹកនាំជម្រុញយ៉ាងយកចិត្តទុកដាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សកម្មភាពសប្បុរសធម៌របស់លោកអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីក្រោមឱវាទ ក្នុងការបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីជួយសម្របសម្រួលជាបន្តបន្ទាប់តាមលទ្ធភាពដល់លោកយាយ ស៊ិន តន ស្ថិតនៅក្នុងភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

លោក ស្រេង វណ្ណះ ជំនួយការរបស់លោក ធឹម សំអាន បានបញ្ជាក់ថា សម្រាប់សកម្មភាពប្រគល់អំណោយ នៃទឹកចិត្តសប្បុរសធម៌ ក្នុងការជួយសម្របសម្រួលជីវភាពរស់នៅមួយចំនួន ដល់លោកយាយវ័យ៧៦ឆ្នាំ ដែលងាយរងគ្រោះឈ្មោះ ស៊ិន តន នាពេលនេះមិនមែនជាលើកទី១នោះទេ។

លោកអភិបាលខណ្ឌ បានធ្វើឡើងជាបន្តបន្ទាប់ និងយកចិត្តទុកដាក់ និងមានអ្នកជិតខាងបានជួយខ្លះៗតាមលទ្ធភាព។ ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរសង្កាត់-ភូមិ ថាលោកយាយមានប័ណ្ណក្រីក្រ និងកំពុងជួបការខ្វះខាតយ៉ាងច្រើន ហើយមានកូនប្រុស២នាក់ ក្នុងនោះម្នាក់បានរៀបការរួចចេញទៅរស់នៅកន្លែងផ្សេង និងម្នាក់ទៀតឈ្មោះ ជា តែន អាយុ៤១ឆ្នាំ ត្រូវបានគ្រូពេទ្យធ្វើការសន្និដ្ឋានថាមានជម្ងឺក្រិនថ្លើមធ្ងន់ធ្ងរ និងគ្មានអ្នកមើលថែទាំឡើយ ប្រសិនបើយកទៅព្យាបាលនៅឯមន្ទីរពេទ្យ បានន័យថា បើម្ដាយនៅចាំផ្ទះក៏គ្មានអ្នកមើលថែ ហើយសម្រាប់កូនបើទៅព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យក៏គ្មានអ្នកមើលថែដូចគ្នា៕