(កំពង់ឆ្នាំង)៖ ក្រោមការណែនាំរប​ស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីសមយុទ្ធនាគមាស-២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌», នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីបញ្ជាការស្រាល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យចុងក្រោយការងារត្រៀមបិទសមយុទ្ធនាគមាស-២០២៤។

ពិធីសមយុទ្ធនាគមាស ឆ្នាំ២០២៤ បានធ្វើការហ្វឹកហាត់ និងសាកល្បងរួមគ្នារវាងកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងកងទ័ពរំដោះប្រជាជនចិន អស់រយះពេល ១៣ថ្ងៃមកហើយ (ពីថ្ងៃទី១៦-២៩ ខែឧសភា ឆ្នាំ២០២៤) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ)។ ចំពោះពិធីសមយុទ្ធនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ បានបិទបញ្ចប់ប្រកបដោយជោគជ័យកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ។

ពាក់ព័ន្ធជាមួយនឹងខ្លឹមសារសមយុទ្ធនាគមាស ឆ្នាំ២០២៤នេះមានដូចជា ការហ្វឹកហាត់ទីបញ្ជាការដែលផ្តោតទៅលើការសិក្សារៀនសូត្រទ្រឹស្ដី ការសិក្សាការធ្វើផែនការប្រតិបត្តិការប្រយុទ្ធ ការហាត់សមបញ្ជាតាមដំណាក់កាល សេណារីយោ ការរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ស្ដីពីការប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្ម និងការសង្គ្រោះមនុស្សធម៌ ការរៀបចំកិច្ចពិគ្រោះពិភាក្សាស្ដីពីប្រតិបត្តិការប្រឆាំងភេរវកម្មតំបន់ភ្នំ ប្រតិបត្តិការការប្រឆាំងការចាប់ ជម្រិតលើសមុទ្រ និងប្រតិបត្តិការរួមគ្នារុករកសង្គ្រោះលើសមុទ្រ។

ចំពោះលំហាត់លើទីលាន គឺមានសមយុទ្ធលើគោក ដែលនឹងត្រូវហ្វឹកហាត់ជំនាញមូលដ្ឋាន (ការហាត់រៀនទ្រឹស្តី ការអនុវត្តជាក់ស្ដែង និងការបែងចែកជាក្រុមហ្វឹកហាត់) ការប្រើប្រាស់បរិក្ខារគ្មានមនុស្សបើក (Drone and Robot Dog) ការអនុវត្តប្រើប្រាស់កាំភ្លើងធំ ការអនុវត្តការប្រើប្រាស់អាវុធធុនស្រាល (បូករួមការបាញ់គ្រាប់ពិត) ការជួយសង្គ្រោះលើសមរភូមិ ការហ្វឹកហាត់រួមគ្នា និងការហ្វឹកហាត់រួមត្រៀមសម្តែងសមយុទ្ធ។
រីឯសមយុទ្ធលើសមុទ្រនឹងមានការហ្វឹកហ្វឺនរួមគ្នាលើជំនាញប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្ម និងការចាប់ជម្រិតលើសមុទ្រ សកម្មភាពរួមគ្នាឆ្លើយតបនឹងភាពអាសន្ន សកម្មភាពពង្រាយរូបភាពរុករក សកម្មភាពចូលរំដោះដោយ ប្រដាប់អាវុធ សកម្មភាពសង្គ្រោះលើសមុទ្រ ដោយមានការសហការជាមួយកម្លាំងកងទ័ពជើងអាកាស…។ល។

នៅវេលាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ ពិធីសមយុទ្ធនាគមាស-២០២៤ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) នឹងត្រូវបិទបញ្ចប់ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង មេបញ្ជាការការរង និងជានាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្ដាសេនានុព័ន្ធ អនុពន្ធ័យោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រុមអ្នកសង្កេតការណ៍បណ្ដាប្រទេសអាស៊ាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិផងដែរ៕