(កំពង់ធំ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនលើជនត្រូវចោទជាក្មេងទំនើង២នាក់ និងកំពុងតាមចាប់បក្ខពួក ៤នាក់ទៀត ដែលកំពុងរត់គេចខ្លួន មកចាត់ការតាមច្បាប់។ ក្មេងទំនើងទាំងនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយប្រើកាំបិតផ្គាក់និងមានគ្នាច្រើននាក់) នៅចំណុចក្រាលកៅស៊ូ ស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពង់ធំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ៥២៥ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ដោយប្រើកាំបិតផ្គាក់ និងមានគ្នាច្រើននាក់) និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(មានគ្នាច្រើននាក់)ដែលមានជនត្រូវចោទចំនួន០៦នាក់។

ជនត្រូវចោទទាំង៦នាក់មាន ១៖ ឈ្មោះ គឺ បញ្ញា ហៅចិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ, ២៖ ឈ្មោះ យាន ឆៃយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ, ៣៖ ឈ្មោះ យ៉ុង ធារិទ្ធ ហៅលាំង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ, ៤៖ ឈ្មោះ នួន សុវណ្ណមករា ហៅមាក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ, ៥៖ ឈ្មោះ វុធ លីហ៊ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និង ៦៖ ឈ្មោះ វ៉ន ដាវីត ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ត្រូវចោទប្រកាន់ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ដោយប្រើកាំបិតផ្គាក់និងមានគ្នាច្រើននាក់) និងបទ៖ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(មានគ្នាច្រើននាក់) ប្រព្រឹត្តនៅចំណុចក្រាលកៅស៊ូ ស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៣០នាទី តាមបញ្ញត្តិមាត្រា២១៨ កថាខណ្ឌ១ ចំណុចទី២ និងទី៣, មាត្រា៤១០ និង មាត្រា៤១១ កថាខណ្ឌ១ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យទៅលើភស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ ២នាក់ មានឈ្មោះ គឺ បញ្ញា ហៅចិន និងឈ្មោះ យាន ឆៃយ៉ា នៅពន្ធនាគារខេត្តកំពង់ធំ ចំពោះជនត្រូវចោទ០៤រូបទៀតដែលរត់គេចខ្លួន ចៅក្រមស៊ើបសួរ បានបន្តចំណាត់ការតាមនីតិវិធីច្បាប់៕