(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវចក្ខុវិស័យក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ដោយប្តេជ្ញាចិត្តខ្ពស់ចំពោះប្រតិបត្តិការ រក្សាសន្តិភាព ដើម្បីរួមចំណែកជាមួយរដ្ឋសមាជិក សហគមន៍អន្តរជាតិ និងសង្គមស៊ីវិលក្នុងការស្វែងរកសន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិប្រកបដោយចីរភាព ដើម្បីផ្តល់ការគាំទ្រ តាមសំណូមពរជាក់ស្តែងរបស់អង្គការសហប្រជាជាតិ ស្របនឹងកាលៈទេសៈ និងបរិបទសកលនាពេលបច្ចុប្បន្ន។

ការបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីការជាតិកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសលោករួមជាមួយលោក ចូសិប ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួល អ.ស.ប. ប្រចាំកម្ពុជា បានរៀបចំខួបលើកទី៧៦ ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្រោមប្រធានបទ «ការកសាងរួមគ្នាកាន់តែប្រសើរសម្រាប់អនាគត» និងការគោរពវិញ្ញាណក្ខ័ន្ធកងកម្លាំងរក្សាសន្តិភាព ដែលបានពលីជីវិតក្នុងបុព្វហេតុបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ចំពោះកម្ពុជា ការប្រារព្ធទិវាឆ្នាំនេះបានធ្វើឱ្យប្រជាជនកម្ពុជានឹកឃើញអំពីគុណតម្លៃនៃ «សន្តិភាព» ដែលកម្ពុជាសម្រេចបានដោយលំបាក ដែលក្នុងពេលបច្ចុប្បន្ននេះ ប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកនៅបន្តច្បាំងគ្នា និងបង្កការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ និងអាយុជីវិតប្រជាជន»។ ជាការពិត នៅក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ទោះបីប្រទេសជាតិកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅតែចងចាំ និងដឹងគុណជានិច្ច និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានបញ្ជូនកងរក្សាសន្តិភាព «កងទ័ពមួកខៀវ» មកស្វែងរកសន្តិភាពនៅកម្ពុជាដែលនាំឱ្យកម្ពុជាមានថ្ងៃនេះ។

រដ្ឋមន្ត្រីការពារជាតិ បានរំលឹកថា ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនកងទ័ពមួកខៀវ ទៅស្វែងរកសុខសន្តិភាពនៅបណ្តាប្រទេសលើពិភពលោក ដែលជួបទុក្ខលំបាកតាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៤ «១៨ឆ្នាំ» កម្ពុជាបានបញ្ជូនកងកម្លាំងចំនួន ៩,៥៧០នាក់ ក្នុងនោះស្ត្រី៨១៨នាក់ ទៅបំពេញបេសកកម្មចំនួន១២ ចំនួន ១០ប្រទេស នៅតំបន់អាហ្វ្រិក មជ្ឈឹមបូព៌ា និងអឺរ៉ុប។ បច្ចុប្បន្ន កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៦៣៩នាក់ មានស្ត្រី១២៥នាក់ ស្មើនឹង១៩% កំពុងបំពេញបេសកកម្មចំនួន៦ នៅ៥ប្រទេសដែលកំពុងជួបវិបត្តិ ដើម្បីកសាងរួមគ្នាឱ្យកាន់តែប្រសើរឡើង សម្រាប់អនាគតនូវការអភិវឌ្ឍសេដ្ឋកិច្ច នីតិរដ្ឋ សិទ្ធិស្ត្រី សិទ្ធិមនុស្ស សុខភាព និងការអប់រំជាដើម។

«កម្ពុជាមិនត្រឹមតែគិតគូរពីសុខទុក្ខរបស់ប្រជាជាតិខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកគិតគូរពីសុខទុក្ខដល់ប្រជាជាតិដទៃទៀត នៅលើពិភពលោកផងដែរ។ កម្ពុជា ក្លាយជាគ្រួសាររបស់អង្គការសហប្រជាជាតិ ជាសមាជិកប្រជាជនទូទាំងពិភពលោក ជាប្រទេសស្នេហាសន្តិភាព ស្រឡាញ់សន្តិភាព ជាប្រទេសតូចមានទឹកចិត្តមនុស្សធម៌ទូលំទូលាយ និងឆន្ទៈខ្ពស់ជាមួយបណ្តាប្រទេសបរិច្ចាគកម្លាំង ក្រោមឆត្រអង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក»។ នេះជាការលើកឡើងបន្ថែមរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា។

បើតាមអ្នកសម្រប សម្រួល UN ប្រចាំកម្ពុជា បានបញ្ជាក់ថា ការចូលរួមរបស់យោធិនកម្ពុជា ក្នុងប្រទេសកំពុងហួងហែងដោយសារភ្លើងសង្គ្រាម បានបញ្ជាក់យ៉ាងឡើងវិញនូវការតាំងចិត្តរបស់កម្ពុជា ចំពោះការប្រកាន់ខ្ជាប់នូវស្មារតីធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងសហគមន៍យុទ្ធសាស្ត្ររួមគ្នាដើម្បីរក្សាសន្តិភាព និងអនាគតដ៏ល្អប្រសើរទាំងអស់គ្នា។

លោក ចូសិប ស៊ូអើ បានគូសបញ្ជាក់ថា៖ «សន្តភាព គឺជាចក្ខិវិស័យដ៏ថ្លៃថ្នូរ និងជាការងារមួយដែលទាមទារការតាំងចិត្ត ការលះបង់ និងភាពរឹងមាំដើម្បីសម្រេចបាន។ ការរក្សាសន្តិភាព គឺជាឧបរកណ៍សំខាន់មួយនៅក្នុងកិច្ចការប្រឹងប្រែងនេះ និងជាការបង្ហាញឱ្យឃើញថាជាធាតុសំខាន់មួយក្នុងការវិនិយោគក្នុងសន្តិភាព សន្តិសុខ និងវិបុលភាពពិភពលោក»