(ញ៉ូវយ៉ក)៖ ខណៈលោកស្រី ហ៊ីលឡារី គ្លីនតុន កំពុងមានបញ្ហាសុខភាព ងាកទៅខាងលោក Donald Trump វិញក៏កំពុងជួបបញ្ហាដែរ ដោយអគ្គរដ្ឋអាជា្ញនៃតុលាការ ប្រចាំក្រុងញូយ៉ក លោក Eric Schneiderman បានបើកការស៊ើបអង្កេតមួយ ជុំវិញមូលនិធិ Donald Trump ដែលជាប់សង្ស័យមានភាពប្រក្រតី បានកើតឡើងនៅក្នុងចំណោមអង្គការមនុស្សធម៌ របស់បេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សសាធារណរដ្ឋរូបនេះ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានបារំាង Le Monde នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
លោក Eric Schneiderman បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយ៍ទូរទស្សន៍ CNN ថា លោកនឹងធ្វើការស៊ើបអង្កេតដោយផ្អែកលើច្បាប់ ចំពោះអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណេញ នៅក្នុងតំបន់ ត្បិតក្រុមរដ្ឋអាជ្ញាបានប្រឈមមុខនឹងបញ្ហា ជាមួយមហាសេដ្ឋីអចលនទ្រព្យរូបនេះ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ពាក់ព័ន្ធនឹងកម្មវិធីជាច្រើននៃសាកលវិទ្យាល័យរបស់លោក Trump ដែលជាប់សង្ស័យថា «មានការក្លែងបន្លំថវិកាជំនួយ»។
មូលនិធិរបស់លោក Trump បានទទួលរងការចោទប្រកាន់ជាបន្តបន្ទាប់ ជាពិសេសនោះគឺកាសែត Washington Post តែម្ដង ដែលធ្លាប់បានចោទប្រកាន់ បេក្ខភាពប្រធានាធិបតីរូបនេះថា មិនបានបង់ប្រាក់វិភាគទានដល់ស្ថាប័នរបស់ខ្លួន គិតចាប់តំាងពីឆ្នាំ ២០០៨មក។ ម្យ៉ាងទៀត ក្នុងចំណោមភាពមិនប្រក្រតីទំាងនេះ កាលពីឆ្នាំ ២០១៣កន្លងទៅ លោកត្រាំបានចំណាយប្រាក់ជាង ២៥,០០០ដុល្លារអាមេរិកដល់ក្រុមមួយដែល មានទំនាក់ទំនងនឹងអគ្គរដ្ឋអាជ្ញារដ្ឋផ្លូរីដា លោក Pambi Bondi នៅចំពេលដែលលោក Pambi គ្រោងនឹងចូលរួមជាមួយនឹងលោក Eric Schneiderman ក្នុងកិច្ចការស៊ើបអង្កេតលើករណីក្លែងបន្លំ ទាក់ទិននឹងសាកលវិទ្យាល័យ Trump។
យ៉ាងណាក៏ដោយគេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ការធ្វើយុទ្ធនាការរបស់លោក Trump ហាក់ថមថយបន្តិចដែលវាទំនងជាការចង់ឲ្យគ្រប់គ្នា មើលឃើញថា មូលនិធិរបស់លោកពិតជាបាន សន្សំប្រាក់ទុកធ្វើវិភាគទានដល់អង្គការមនុស្សធម៌ប្រាកដមែន។ មន្ត្រីជំនិតនៅក្នុងគណបក្ស សាធារណរដ្ឋលោក Mike Pence ក៏បានចេញមុខការពារលោក Trump ដោយអះអាងថា បេក្ខជនប្រធានាធិបតីរូបនេះ បានបរិច្ចាកប្រាក់រាប់លានដុល្លារទៅហើយ ទៅកាន់មូលនិធិមនុស្សធម៌៕