(ភ្នំពេញ)៖ កូនត្រីគល់រាំង ដែលជាប្រភេទត្រីកម្រនៅកម្ពុជា បានចាប់កំណើតហើយ កាលពីវេលាម៉ោង៣ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញីឈ្មោល រហូតពេញវ័យអស់រយៈពេលជិត ១០ឆ្នាំ។
ក្រសួងកសិកម្មបានលើកឡើងថា នេះគឺជាលទ្ធផលជាលើកដំបូងនៅកម្ពុជា ដែលក្រុមស្រាវជ្រាវបច្ចេកទេសវារីវប្បកម្ម នៃវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបសម្ដេចតេជោ ហ៊ុន សែន បានបង្កាត់ ភ្ញាស់កូនត្រីគល់រាំង ទទួលជោគជ័យជាលើកដំបូង ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញីឈ្មោល រហូតពេញវ័យអស់រយៈពេលជិត ១០ឆ្នាំ។
លោក ហាវ វិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ចំពោះកូនត្រីគល់រាំងដែលទើបនឹងញាស់នេះ កំពុងផ្សាំបំប៉ន់ និងថែទាំនៅក្នុងកែវកញ្ចក់យ៉ាងដិតដល់ មុននឹងបញ្ជូនវាទៅទីធ្លារធំទូលាយសមស្របណាមួយ ទៅតាមលក្ខណៈបច្ចេកទេស។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងថែទាំងវាយ៉ាងដិតដល់ នៅពេលដែលវាអស់អាហារបំរុងយើងនឹងត្រូវផ្តល់អាហារបន្ថែម ឱ្យវាស៊ី បន្ទាប់មកយើងមិនរក្សានៅក្នុងកែវកញ្ចក់ជាយូរទេ យើងត្រូវតែបញ្ជូនវាទៅកន្លែងណា ដែលមានទីធ្លារធំទូលាយសមស្រប ធ្វើទៅតាមលក្ខណៈបច្ចេកទេស។ ហើយកូនត្រីទាំងនេះ ខាងវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម នឹងចិញ្ចឹមបំប៉នទុកជាមេពូជបំរុង ដើម្បីបង្កាត់សារជាថ្មី ហើយយើងសង្ឃឹមថាអាយុកូនត្រីនៃជំនាន់ទីមួយនេះ នឹងមិនប្រើរយៈពេលយូរ ដូចកូនត្រីគល់រាំងដែលយើងចាប់ពីធម្មជាតិ ដើម្បីបំប៉នជាមេពូជដែរ ដោយសារកូនត្រីជំនាន់ទី១នេះ មានលក្ខណៈបន្ស៊ាំជាមួយនឹងមជ្ឈដ្ឋានទឹកដែលវារស់នៅ (បានន័យថា មេបាវាធ្លាប់រស់នៅក្នុងមជ្ឈដ្ឋានទឹក បិទជិតទៅហើយ ហេតុនេះហើយកូនជំនាន់ក្រោយ ក៏មានលក្ខណៈបន្ស៊ាំបែបនេះដែរ)»។
លោកបន្ថែមថា «នៅពេលដែលកូនត្រីតូចៗទាំងនេះធំពេញវ័យ យើងអាចធ្វើការភ្ញាស់បង្កាត់បាន យើងអាចពង្រីកផលិតកូនត្រីពូជគល់រាំងឱ្យបានច្រើន ដើម្បីយើងអាចយកវាទៅលែងក្នុងទន្លេ បឹងបួរធំៗ ហើយកូនត្រីមួយចំនួនទៀតនឹងចិញ្ចឹមប្រើប្រាស់ ក្នុងវិស័យវារីវប្បកម្ម»។
បើតាមលោក ហាវ វិសដ្ឋ វត្តមានត្រីគល់រាំង ត្រូវបានរកឃើញវត្តមាននៅប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម។ ភាគច្រើនត្រីគល់រាំងពេញវ័យ ចូលចិត្តរស់នៅអន្លង់ជ្រៅៗ តាមបណ្តោយទន្លេមេគង្គ ខណៈកូនត្រីតូច ត្រូវបានប្រទះឃើញភាគច្រើន នៅតំបន់ទំនាបលិចទឹក បឹង និងដៃទន្លេនៃប្រទេសកម្ពុជា។ ជាទូទៅត្រីគល់រាំង ដែលរស់នៅក្នុងតំបន់ទឹកធម្មជាតិ បង្កកំណើតជារៀងរាល់ឆ្នាំ នៅពេលរដូវវស្សាចូលមកដល់ នៅចន្លោះខែឧសភា ដល់ខែសីហា។
លោកបានលើកឡើងទៀតថា ត្រីគល់រាំង ជាប្រភេទត្រីដែលរស់នៅជិតពេញមួយឆ្នាំ ក្នុងជម្រកសំខាន់ៗតាមទន្លេ និងដៃទន្លេធំៗ និងជាប្រភេទត្រីដែលធ្វើចរាចរណ៍ឆ្ងាយ គឺចេញពីទន្លេ ឬអន្លង់ជ្រៅ ចូលទៅតំបន់លិចទឹកនៅរដូវវស្សា ហើយនៅពេលដែលរដូវទឹកស្រក វានឹងត្រឡប់មករស់នៅអន្លង់ជ្រៅ តាមបណ្តោយទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែងជាដើម។
គួរជម្រាបផងដែរថា ត្រីគល់រាំងជាប្រភេទត្រីទឹកសាប ដែលមានធំបំផុតមួយ ក្នុងចំណោមត្រីធំៗបំផុត ទាំងបីប្រភេទគឺទី១ ត្រីបបែលយក្ស និងត្រីរាជ និងត្រីគល់រាំង និងជាប្រភេទត្រីមានស្រកាតែមួយគត់ នៅដែលមានទំហំធំលូតលាស់រហូតដល់ទម្ងន់ប្រមាណ ៣០០គីឡូក្រាម និងប្រវែងពី ២ទៅ ៣ម៉ែត្រ។
សូមបញ្ជាក់ថា ត្រីគល់រាំង ត្រូវបានចាត់ទុកជាមច្ឆជាតិនិមិត្តរូបនៃកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ត្រីគល់រាំងនេះ គឺត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹក ជញ្ជូន តាំងពីសម័យសម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតកោដ្ឋ) មកម្ល៉េះ គឺតាមរយៈក្រមនេសាទ លេខ៨០នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦៕