(កំពង់ស្ពឺ)៖ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួច សាលាដំបូងខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្មេងទំនើងចំនួន ៣នាក់ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតចំនួន ២ករណី។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងទៀតថា ចំពោះសំណុំរឿងព្រហ្មទណ្ឌទាំង ២រឿងមានដូចជា៖ សំណុំរឿងព្រហ្មទណ្ឌលេខ ៧១១ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មានជនត្រូវចោទចំនួន០១នាក់ ឈ្មោះ ចែម ថ្នល់ ភេទប្រុស អាយុ២៥ឆ្នាំ កំពុងត្រូវបានចោទប្រកាន់ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩០ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ ដកហូតបានដាវសាម៉ូរៃចំនួន ០១ដើម។

សំណុំរឿងព្រហ្មទណ្ឌលេខ ៧១៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មានជនត្រូវចោទចំនួន០២នាក់៖ ឈ្មោះ យឿន សុភណ្ឌ ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ ង៉ែត ថា ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការ អនុញ្ញាត ប្រព្រឹត្តនៅចំណុចភូមិច្រក ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩០ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ ដកហូតបានដាវសាម៉ូរៃចំនួន០១ដើម។

ចំពោះករណីនេះជនត្រូវចោទទាំង ៣នាក់នេះ បានយកដាវសាម៉ូរៃដាក់ជាប់នឹងម៉ូតូ សៀតជាមួយនឹងសន្ទះគម្រប់បំពង់ស៊ីម៉ាំង ដើម្បីទុកកាប់ទៅលើក្រុមក្មេងទំនើងដទៃ ដែលមានបញ្ហាជាមួយខ្លួន រួចហើយក្រុមជនត្រូវចោទបានជិះម៉ូតូនៅពេលយប់ជ្រៅដោយមិនមានទិសដៅ និងគោលបំណងច្បាស់លាស់៕