(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ ទាំងម្ចាស់អចលទ្រព្យ ទាំងម្ចាស់យានយន្ដ សូមប្រើប្រាស់នូវប្រព័ន្ធធនាគារឯកជន ជាពិសេសធនាគារវីង ដើម្បីបំពេញកាត្វកិច្ចបង់ពន្ធ នៅក្នុងប្រទេសកម្ពុជា។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធជាផ្លូវការ លើកិច្ចសហការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារវីង (ខេមបូឌា) ម.ក ស្ដីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារវីង សម្រាប់ប្រតិបត្ដិការការចំណូលពន្ធគ្រប់ប្រភេទ ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ អនុវត្ដនៅទូទាំងប្រទេសកម្ពុជា។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួម ពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងវត្តមាន នៃការអញ្ជើញចូលរួមភ្ញៀវកិត្តិយស ជាច្រើនរូបទៀត នៅអគារធនាគារ វីងថៅវើ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវដល់អ្នកជាប់ពន្ធយើងទាំងអស់ ប្រើប្រាស់នូវធនាគារឯកជន ជាពិសេសធនាគារវីង ដែលទើបតែបានទទួលការឯកភាព ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដាក់ឲ្យប្រតិបត្ដិការ ប្រមូលចំណូលពន្ធគ្រប់ប្រភេទ ដោយមិនចាំបាច់អញ្ជើញធ្វើដំណើរ ទៅជួបមន្ដ្រីពន្ធដារ ក៏ដូចជា ទៅកន្លែងអគ្គនាយកដ្ឋាន និងសាខាពន្ធដារ»

លើសពីនោះទៀត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ធនាគារវីង ក៏អាចមានអេបទំនាក់ទំនង ជាមួយនឹងប្រព័ន្ធពន្ធដារ នៅក្នុងការបង់ពន្ធគ្រប់ប្រភេទ ដែលអាចប្រើតាមប្រព័ន្ធ អេឡិចត្រូនិកឌីជីថល Payment ក៏បានផងដែរ។

លោក គង់ វិបុល ក៏បានថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា គិត ម៉េង ដែលបានរៀបចំកម្មវិធីនេះ ដើម្បីធ្វើការប្រកាសជាផ្លូវការថា ធនាគារវីង បានទទួលការអនុញ្ញាត ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យទទួលការទូទាត់ប្រាក់ពន្ធគ្រប់ប្រភេទ ដោយមិនយកកម្រៃសេវា។

ជាមួយគ្នានេះ លោក គង់ វិបុល បានកោតសរសើរ ដល់ធនាគារវីង ដែលបានធ្វើទំនើបកម្ម ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ប្រកបដោយគ្រឿងឧបករណ៍ សម្ភារៈបរិក្ខារល្អប្រណិត ជាមួយនឹងកម្មវិធី Software ដែលទំនើប ជាស្ដង់ដារអន្ដរជាតិផងដែរ។

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សិទ្ធអនុញ្ញាត ទៅដល់ធនាគារ វីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន ដើម្បីផ្តល់នូវភាពងាយស្រួល ទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធ នៅទូទាំងប្រទេសកម្ពុជា តាមរយៈធនាគារ វីង ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ។

ឥឡូវនេះ អតិថិជនអាចអញ្ជើញ ទៅកាន់សាខាធនាគារ វីង ដែលនៅជិតបំផុត ហើយភ្ជាប់ជាមួយឯកសារតិចតួចប៉ុណ្ណោះ។ នៅពេលអញ្ជើញ ទៅដល់បញ្ជរបង់ពន្ធ និងសេវាសាធារណៈ របស់ធនាគារ វីង បុគ្គលិកបម្រើសេវាកម្ម នឹងជួយសម្រួលអតិថិជន ក្នុងការជ្រើសរើសមធ្យោបាយទូទាត់ ដែលមានពីរជម្រើសផ្សេងគ្នា។

អតិថិជន អាចជ្រើសរើសទូទាត់ជាសាច់ប្រាក់សុទ្ធ ឬកាត់ចេញពីគណនីធនាគារ វីង ក៏បាន ហើយក៏មានជម្រើសមួយទៀតនោះ គឺការបញ្ចូលទឹកប្រាក់ពីសែក ទៅក្នុងគណនីធនាគារ វីង របស់អតិថិជនសម្រាប់ការធ្វើការទូទាត់ក៏បាន។

បន្ថែមលើនេះ អតិថិជន ក៏អាចជ្រើសរើសការទូទាត់តាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់អេប របស់អគ្គនាយកដ្ឋានពន្ធដារគឺ អេប GDT Tax Payer ដែលអ្នកប្រើប្រាស់ អាចធ្វើការបង់ពន្ធអចលនទ្រព្យ និងពន្ធផ្លូវជាដើម។ អតិថិជនគ្រាន់តែបើកអេប ហើយចូលទៅកាន់មុខងារទូទាត់ពន្ធ រួចពិនិត្យមើលព័ត៌មានលម្អិត និងជ្រើសរើសធនាគារ វីង សម្រាប់ការទូទាត់ជាការស្រេច។

ឆាប់ៗខាងមុខនេះ សាធារណជន ក៏អាចប្រើប្រាស់អេប GDT Tax Prefiling និង GDT E-Filing App សម្រាប់ការទូទាត់បង់ពន្ធផងដែរ៕