(កំពង់ធំ)៖ លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក បានជំរុញឲ្យអាជ្ញាធរឃុំ សហគមន៍ ផ្សព្វផ្សាយពីសេវាច្រកចេញចូលតែមួយ ដល់បងប្អូនប្រជាពលរដ្ឋទៅដល់មូលដ្ឋាន ។

លោក ឈួន រ៉ា បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហារបស់សហគមន៍ និងស្វែងរកដំណោះស្រាយ នៅក្នុងមូលដ្ឋាន ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដែលរៀបចំ ដោយអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) នៅសាលាស្រុកប្រាសាទបល្ល័ង្ក។ កម្មវិធីនេះ មានការអញ្ជើញចូលរួម ពីអភិបាលរងស្រុក អាជ្ញាធរឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាល តំណាងសហគម៍ ក្នុងស្រុកប្រាសាទបល្ល័ង្ក។

លោក អែម ប៉ូលី តំណាងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់កម្ពុជា ដែលសកម្មក្នុងការតស៊ូមតិ ការជះឥទ្ធិពលនយោបាយ អភិបាលកិច្ចល្អ និងការចូលរួមរបស់ពលរដ្ឋ។ ការកសាងសមត្ថភាព និងការសម្របសម្រួលកិច្ចសន្ទនា គឺជាចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ឆ្ពោះទៅរកការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោកបន្តថា កិច្ចប្រជុំមានគោលបំណងពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋជាពិសេសស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាព ក្នុងអភិបាលកិច្ចមូលដ្ឋាននិងបង្ហាញពីហ្វេសប៊ុក ពិដោរអ្នកភូមិឆ្លាតវៃ និងទទួលមតិត្រឡប់ពីប្រជាពលរដ្ឋ ពីសេវាច្រកចេញចូលតែមួយ និងផ្តល់ឱកាសដល់តំណាងអង្គការសហគមន៍មូលដ្ឋានដើម្បីតាមដានបញ្ហាមុនៗ និងលើកបញ្ហា ដែលកើតឡើងថ្មីៗដល់កិច្ចប្រជុំជាមួយក្រុមប្រឹក្សា អភិបាលស្រុក ក្នុងការស្វែងរកដោះស្រាយបញ្ហារួមគ្នា និងធ្វើផែនការបន្ត។

តំណាងព្រៃសហគមន៍សាលាឆ្តោល លើកឡើងពីការលួចដុតរោងអ្នកតាក្នុងព្រៃសហគមន៍ ដែលជាជំនឿរបស់បងប្អូនជនជាតិដើមភាគតិច ក្នុងនោះដែលលោកមេឃុំសាលាវិស័យ បានប្តេជ្ញាជួយសាងសង់រោងអ្នកតាឡើងវិញឲ្យបានឆាប់។

តំណាងសហគមន៍ព្រៃឈើអូរបញ្ញា បានលើកឡើងពីបញ្ហាប្រឈមថាការរុករានព្រៃរបស់បងប្អូនប្រជាពលរដ្ឋ ការកាប់ឆ្ការដើម្បីយកដីអាស្រ័យផល។ មួយវិញទៀតក្នុងសហគមន៍នេះមានប្រជាពលរដ្ឋបួនភូមិ ដែលអាស្រ័យផលនៅក្នុងសហគមន៍នេះ។ លោក ឈួន រ៉ា ក៏បានជំរុញឲ្យលោកមេឃុំ និងប៉ុស្តិ៍រដ្ឋបាលនគរបាលចុះសម្របសម្រួលនិងធ្វើរបាយការណ៍មកស្រុកបន្ថែម។

តំណាងសហគមន៍ព្រៃឈើជាំម្រេចសំណូមពរឲ្យអាជ្ញាធរ និងជំនាញដែលពាក់ព័ន្ធកំណត់ព្រំប្រទល់ព្រៃសហគមន៍ឲ្យបានច្បាស់លាស់ដើម្បីចៀសវាងមានបញ្ហាជាមួយក្រុមហ៊ុន។ តំណាងសហគមន៍ ជនជាតិដើមភាគតិចគួយឃុំក្រយា បញ្ហាប្រឈមកង្វះសាលាមត្តេយ្យសហគមន៍ស្នើឲ្យរដ្ឋបាលឃុំជួយគាំទ្រដើម្បីបង្កើតមត្តេយ្យសហគមន៍។ ដោយរដ្ឋបាលឃុំក្រយា នឹងធ្វើការជាមួយអាណាព្យាបាលសិស្ស ដើម្បីប្រមូលបដិភាគ ក្នុងការគាំទ្រដល់មតេ្តយ្យសហគមន៍ ឲ្យដំណើរការទៅបាន។

លោក ឈួន រ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ (API) ដែលបានខិតខំប្រឹងប្រែងផ្តល់យោបល់ បទពិសោធន៍ ដើម្បីដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។

លោកបន្តថា អ្នកចូលរួមទាំងអស់បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ឲ្យបានច្រើនពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់ដើម្បី មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងឈានទៅរកការដោះស្រាយ ជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា៕