(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អក្នុងមូលដ្ឋានរបស់ខ្លួន។ ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

លោកអភិបាលខេត្ត បានកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសរក្សា បាននូវសន្តិសុខសុវត្ថិភាពល្អក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក ប្រព្រឹត្តិទៅដោយរលូន។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដែលបង្ករដោយខ្យល់កន្ត្រាក់ ផ្គរន្ទះជាដើម នៅក្នុងរដូវវស្សានេះ
*ទី២៖ អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ ត្រូវសហការបង្ក្រាបរាល់ក្មេងទំនើងទាំងអស់ដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ
*ទី៣៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន
*ទី៤៖ បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព
*ទី៥៖ អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យតាមដានបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួននៅលើបណ្តាញសង្គម និងធ្វើការឆ្លើយតប។ ទន្ទឹមនោះត្រូវខិតខំដោះស្រាយទំនាស់នានារបស់បងប្អូន ប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។
*ទី៦៖ អាជ្ញាធរក្រុង-ស្រុក រហូតដល់មូលដ្ឋានត្រូវតាមដានពិនិត្យទប់ស្កាត់រាល់ការទន្ទ្រានកាន់ដីរដ្ឋដោយខុសច្បាប់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីទុកជាសម្បត្តិរដ្ឋឱ្យកូនចៅជំនាន់ក្រោយ៕