(ព្រៃវែង)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងកម្មវិធីផ្តល់សេវាជួសជុលអវយវៈសិប្បនិមិត្ត រណបនៅតាម សហគមន៍ ផ្តល់គ្រឿងជំនួយក្នុងការដើរ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៌ជូនជនមានពិការភាពចំនួន១៥០នាក់ នៅស្រុកពាមជរ ខេត្តព្រៃវែង។

ពិធីនេះមានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោក ខុម ផលលឿន នាយកមូលនិធិជនពិការ បានលើកឡើងថា សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ភាគច្រើនត្រូវបានផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង១១ទីតាំង រូមមាន រាជធានីភ្នំពេញ (២ទីតាំង) ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ចាម ព្រះសីហនុ កំពង់ស្ពឺ ក្រចេះ សៀមរាប តាកែវ និងខេត្តព្រៃវែង និងរោងជាងស្តារលទ្ធភាពពលកម្មកាយសម្បទា ៣ទីតាំង រួមមាន៖ ខេត្តកំពង់ធំ ព្រះវិហារ និងខេត្តស្វាយរៀង ដែលជាសេវាមួយផ្តល់ជូនជនមានពិការភាពដោយឥតបង់ថ្លៃ និងប្រកបដោយតម្លាភាព។

លោក ជា សុមេធី បានថ្លែងថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរួមចំណែក និងដើរតួនាទីយ៉ាង សំខាន់ ព្រមទាំងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន ដោយក្នុងនោះគឺការអនុវត្តគោលនយោបាយកម្មវិធីជាតិ ពាក់ព័ន្ធវិស័យសង្គមកិច្ច សំដៅបង្កើតនូវសេវាសាធារណៈដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងកិច្ចគាំពារសង្គមដល់ប្រជាពលរដ្ឋ ជាពិសេសជនមានពិការភាព។

លោកបានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមានការខិតខំប្រឹងប្រែងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ តាមរយៈមូលនិធិជនពិការ បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាពក្នុង សម្បទា មួយឆ្នាំៗគិតជាមធ្យមបានចំនួន២៨០០០នាក់។ ដោយពិនិត្យបញ្ហាប្រឈមរបស់បងប្អូន ជនមានពិការជួបការលំបាកក្នុងការអញ្ជើញ ទៅទទួលសេវានៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកមកម្មកាយសម្បទា។

បន្ថែមលើសពីនេះ មូលនិធិជនពិការបាន ខិតខំស្វែងរកថវិកាតាមរយៈថវិការដ្ឋ និងអង្គការដៃគូពាក់ព័ន្ធពង្រីកការផ្តល់សេវានៅតាមសហគមន៍ដើម្បីបង្ខិត សេវាឱ្យបានជិតនិងបងប្អូនជនមានពិការភាព ដើម្បីកាត់បន្ថយថវិកា និងពេលវេលាក្នុងការទៅទទួលសេវានៅ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មដែលមានទីតាំងនៅឯទីរួមខេត្ត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ថ្ងៃនេះមូលនិធិជនពិការ តាមរយៈ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងសាខាមូលនិធិជនពិការខេត្តព្រៃវែងបានផ្តល់អំណោយ សប្បុរសធម៌ជូនជនមានពិការភាព យើងចំនួន១៥០នាក់ មានដូចជាគ្រឿងឧបភោគ បរិភោគ និងថវិកា ហើយក៍ មានការផ្តល់សេវាជួសជុលអវយវៈសិប្បនិម្មិត និងរណប និងគ្រឿងជំនួយដើរផ្សេងៗទៀតដល់ជនមានពិការភាព ចំនួន៧០នាក់ផងដែរ៕