(សៀមរាប)៖ លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បានជំរុញដល់គ្រប់ស្ថាប័ន និងអង្គការដៃគូទាំងអស់ ត្រូវបន្តយកចិត្តទុក ដាក់បន្ថែមទៀត ទៅលើការផ្សព្វផ្សាយទាំងគ្រប់រូបភាព អំពីហានិភ័យនៃការធ្វើចំណាកស្រុកខុសច្បាប់ នីតិវិធីនៃការធ្វើការចំណាកស្រុកដោយសុវត្ថិភាព គុណវិបត្តិនៃការធ្វើចំណាកស្រុក និងត្រូវផ្សព្វផ្សាយអំពីឱកាសការងារ ក្នុងស្រុក និងការទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីធ្វើការទប់ស្កាត់ការធ្វើចំណាកស្រុកស្វែងរកការងារនៅក្រៅប្រទេស។

ការជំរុញដូច្នេះរបស់លោកស្រី ម៉ននី រងី្ស ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ខេត្តសៀមរាប ប្រចាំខែឧសភា ឆ្នាំ២០២៤ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពី សំណាក់លោក លោកស្រី ជាសមាជិក សមាជិកា លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត កម្លាំងសមត្ថកិច្ច រដ្ឋបាលក្រុង ស្រុក តំណាងអង្គការដៃគូរជាច្រើនចូលរួមផង​ដែរ។

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត ប្រចាំខែឧសភា បានឲ្យដឹងថា ករណីអំពើហិង្សាក្នុងគ្រួសារ មាន០៦ករណី ,ករណីរំលោភបំពានខាងផ្លូវភេទចំនួន០៥ករណី។ លើការងារផ្សព្វផ្សាយ ស្តីអំពីច្បាប់, អំពីការបង្រ្កាប់ អំពើជួញដូរមនុស្ស, អំពើធ្វោះអាជីវកម្មផ្លូវភេទ ២២លើក ដែលមានអ្នកចូលរួម សរុប ២ពាន់នាក់ ស្រី ១,៥៣៥នាក់ ព្រមទាំងបានផ្សព្វផ្សាយតាមរយៈ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅតាមបណ្តាភូមិ ឃុំសង្កាត់ ក្រុង ស្រុក បានចំនួន៣៧៤លើក មានអ្នកចូលរួម ២៨,២៧៧នាក់ ស្រី១៧,៥៤២នាក់ និងតាមវេទិកាសាធារណៈ ចំនួន ២២៣លើក អ្នកចូលរួម ៦,២៨០នាក់ ស្រី ៣,៩២៨នាក់។ ការធ្វើបច្ចុប្បន្នភាព លើចំណាកស្រុកទៅក្រៅប្រទេសចំនួន ៤០,៥៦នាក់ ស្រី១៥,៨៤៧នាក់ និងចំណូលស្រុក ត្រឡប់មកពីធ្វើការងារនៅ បរទេសវិញចំនួន១,៣៤២នាក់ ស្រី៥៧៦នាក់។

លោកស្រី ម៉ននី រងី្ស បានធ្វើការឯកភាពទៅលើរបាយការណ៍ប្រចាំខែឧសភា និងបាន វាយតម្លៃខ្ពស់ទៅលើលទ្ធផលការងាររបស់លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត អនុវត្ត បានប្រចាំខែនេះ។ លោកស្រីបន្តថា លទ្ធផលដែលយើងទទួលបានមកនេះ ដោយកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្ទីរ អង្គភាពពាក់ព័ទ្ធ សំខាន់បណ្តាអង្គការដែគួរ ដែលបានចូលរួមកិច្ចសហប្រតិបត្តិការគ្នាបានល្អ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់នូវរាល់បទល្មើសជួញដូរមនុស្ស និងផ្លូវភេទ សំខាន់លើការដកហូរកុមារធ្វើការប្រើប្រាស់កម្លាំងពលកម្ម នៅក្នុងសិប្បកម្មផលិតឥដ្ឋជាដើម។

លោកស្រី ម៉ននី រងី្ស បានបន្តថា ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤-២០២៨ ដោយផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ កសាង និងអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តនានា និងការលើកកម្ពស់ការបង្កាទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ។ ម៉្យាងទៀត ត្រូវពង្រឹងប្រព័ន្ធយុត្តិធម៌ ព្រហ្មទណ្ឌ ដើម្បីឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងត្រូវបង្កើនកិច្ចការពារជនរងគ្រោះ និងងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារព្រមទាំងធ្វើការតាមដានត្រួតពិនិត្យ និងវាយតម្លៃផងដែរ។ 

លោកស្រីក៏បានធ្វើការក្រើនរំលឹកដល់ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព និងអង្គការដៃគូរត្រូវធ្វើរបាយការណ៍ប្រចាំខែឲ្យបានទៀងទាត់ ផ្ញើមកលេខាធិការដ្ឋាន ដើមី្បធ្វើការបូកសរុប និងវាយតម្លៃការងារ អនុវត្តបានក្នុងខែ ព្រមទាំងកិច្ចប្រជុំរបស់លេខាធិការដ្ឋានទៅតាមប្រតិទិន ដែលបានកំណត់ផងដែរ៕