(កែប)៖ អាសនៈក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ នៃខេត្តកែប ដែលដំបូងឡើយនៅសល់១អាសនៈក្នុងចំណោម១៣អាសនៈនោះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប រៀបចំការចាប់ឆ្នោតដោយ ព្រះអនុគណស្រុកដំណាក់ចង្អើរ ហើយព្រះអង្គក៏ចាប់ចំគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សនេះទទួលបានអាសនៈសរុប១៣/១៣ ពោលគឺ១០០ភាគរយក្នុងស្រុកដំណាក់ចង្អើរនេះ។

តាមការបញ្ជាក់របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប នៅក្រុមប្រឹក្សានៅស្រុកដំណាក់ចង្អើរមានអាសនៈសរុប ១៣អាសនៈ ហើយតាមលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន១២អាសនៈ ខណៈគណបក្សឆន្ទៈខ្មែរមិនទទួលបានអាសនៈឡើយ ដូច្នេះគឺនៅសល់ ១អាសនៈទៀត ដែលគណបក្សនយោបាយទាំងពីរមិនអាចបង្គ្រប់បាន។ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប ក៏បានគណនាពីមធ្យមភាគសំឡេងរបស់គណបក្សទាំងពីរ ប្រសិនបើគណបក្សណាមានមធ្យមភាគខ្ពស់ជាងគេ គឺនឹងទទួលបានអាសនៈនៅសល់១នោះ ប៉ុន្តែឃើញថាមានមធ្យមភាគស្មើគ្នា។

តាមនីតិវិធីរបស់ គ.ជ.ប ថ្នាក់ជាតិ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្រូវនិមន្តព្រះអនុគណស្រុកដំណាក់ចង្អើរ មកចាប់ឆ្នោតឱ្យគណបក្សនយោបាយទាំងពីរ ប្រសិនបើចាប់បានគណបក្សណា គណបក្សនោះនឹងទទួលបានអាសនៈដែលនៅសល់១នោះ។

ទីបំផុត ព្រះអនុគណស្រុកដំណាក់ចង្អើរក៏ចាប់ចំគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈថែម១ទៀត ដែលស្មើនឹង១៣អាសនៈ ពោលគឺទទួលបានអាសនៈ១៣/១៣ ឬស្មើនឹង១០០ភាគរយ។

ជាលទ្ធផលរួម សមាជិកក្រុមប្រឹក្សាក្រុងស្រុកទាំង៣ និងសមាជិកក្រុមប្រឹក្សាខេត្តកែប គឺគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ១០០ភាគរយតែម្ដង៕