(ភ្នំពេញ)៖ លោក នឹម សុធា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងតភ្ជាប់ទិន្នន័យព័ត៌មានវិទ្យារវាងក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើកដំបូង ការចែករំលែកទិន្នន័យរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីលោកអគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងទាំងពីរ។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីប្រកាសសមាសភាពក្រុមការងារបច្ចេកទេសអន្តរក្រសួងតភ្ជាប់ទិន្នន័យព័ត៌មានវិទ្យារវាងក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្នុងគោលបំណង បញ្ជាក់ព័ត៌មានអំពីក្របខណ្ឌនៃក្រុមការងារអន្តរក្រសួង នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៃក្រសួងទាំងពីរ ដោយសំដៅជំរុញបរិវត្តកម្មឌីជីថល ក្នុងកិច្ចលើកកម្ពស់ការផ្ដល់សេវាសាធារណ: អោយកាន់តែមានភាពល្អប្រសើរ៕