(ភ្នំពេញ)៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់បទសម្ភាស ជូនដល់ភ្នាក់ងារសារព័ត៌មានតួកគី Anadolu នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីរំលេចទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃរវាងកម្ពុជានិងតួកគី ក្នុងឱកាសនៃខួបលើកទី ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងដើម្បីពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ក៏ដូចជាការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន ដែលនឹងផ្ដល់ផលប្រយោជន៍រួមដល់ប្រជាជនទាំងពីរ។

សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានចាប់ផ្តើមចាកចេញពីកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន និងនៅសាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី២៤ ដល់ ២៩ ខែឧសភា ហើយបន្ទាប់ពីនោះ លោកប្រមុខការទូតកម្ពុជា ក៏នឹងបន្តចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ នៅទីក្រុងម៉ារ៉ាកិក ប្រទេសម៉ារ៉ុក ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែឧសភា ខាងមុខនេះផងដែរ៕