(បាងកក)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈយោគយល់ជាមយយ Bank for Agriculture and Agricultural Cooperatives (BAAC) តំណាងដោយលោក Chedtha Laeping អគ្គនាយករងជាន់ខ្ពស់ BAAC នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅអាគារការិយាល័យកណ្តាលនៃធនាគារ BAAC ទីក្រុងបាងកក ប្រទេសថៃ។

ការចុះអនុស្សរណៈយោគយល់គ្នានេះ បានបង្ហាញពីការបោះជំហានយ៉ាងស្វាហាប់មួយទៀត របស់ធនាគារ ARDB លើការពង្រីកកិច្ចសហប្រតិបត្តិការថ្នាក់អន្តរជាតិ។

អនុស្សរណៈយោគយល់គ្នានេះមានគោលបំណងចម្បងចំនួន ២ រួមមាន៖
១. ពង្រឹងសមត្ថភាពបុគ្គលិកនិងស្ថាប័នរវាងស្ថាប័នទាំងពីរ​
២. ចែករំលែកព័ត៌មាននិងបទពិសោធន៍ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពក្នុងបរិបទការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម សំដៅការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

កិច្ចសហការនេះ ក៏នឹងអាចជំរុញការពិនិត្យលទ្ធភាពបន្ថែម លើការផ្តល់ហិរញ្ញប្បទានបៃតង, ការគ្រប់គ្រងហានិភ័យឥណទាន, និងការធ្វើប្រតិបត្តិការទូទាត់ឆ្លងប្រទេសជាដើម ក្រោមក្របខណ្ឌការងារ និងបទប្បញ្ញត្តិ ធនាគារទាំងពីរ៕