(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងសម័យសន្តិភាពប្រជាជនបានស្គាល់ប្រទេសរបស់ខ្លួន

តាមរយៈកញ្ចក់ Camera អ្នកថត និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានធ្វើឱ្យប្រជាជនកម្ពុជា និងពិភពលោកស្គាល់កាន់តែច្បាស់ពីសក្តានុពលដែលប្រទេសកម្ពុជាមាន។

នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតថតរូបដោយស្មាតហ្វូន «SEE CAMBODIA 2024» រៀបចំឡើងដោយក្រសួងព័ត៌មាន សហការដោយក្រុមហ៊ុន OPPO នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នាសណ្ឋាគារ ហៃយ៉ាត់រីជិនស៉ី ភ្នំពេញ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈកញ្ចក់ Camera របស់អ្នកថតរូប គឺជាការនាំប្រទេសកម្ពុជាអោយប្រជាជនខ្លួនឯងបានស្គាល់ច្បាស់ ហើយជាការនាំប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត និងផ្តល់ជាការកម្សាន្តថែមទៀតផងដែរ។

ជាមួយនឹងការថតរូបនេះ ធ្វើឱ្យគេស្គាល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្គាល់ពីប្រពៃណីទំនៀមទម្លាប់នៅតាមមូលដ្ឋាន ហើយក៏បានចូលរួមក្នុងការអភិរក្សប្រពៃណី និងទំនៀមទម្លាប់ ព្រមទាំងបានដឹងឃើញពីទំនៀមទម្លាប់ផ្សេងទៀតផងដែរ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងថា ការប្រកួតប្រជែងថតរូបនេះ មិនមែនផ្តោតត្រឹមតែជាស្នាដៃនៃការថតរូបស្អាតនោះទេ ប៉ុន្តែជាការផ្សារភ្ជាប់ជាមួយប្រពៃណី ទំនៀមទម្លាប់ សាសនា សិល្បៈ ជីវិតរស់នៅ ដែលធ្វើឱ្យប្រជាជនដទៃទៀត បានឃើញរូបភាពទាំងនេះ បានសិក្សាពីអ្វីដែលបានកើតឡើងនៅតំបន់នីមួយៗ។

នៅក្នុងទ្រឹស្តីព័ត៌មាន រូបភាពគឺបាននាំយកព័ត៌មាន ៥០% រួចទៅហើយ ពេលខ្លះគឺមិនចាំបាច់ធ្វើការអត្ថាធិប្បាយនោះទេ គ្រាន់តែមើលរូបភាព ក៏មានព័ត៌មាននៅក្នុងនោះដែរ ហើយអ្វីដែលជាការលំបាកបំផុតនោះ គឺព្រឹត្តការណ៍មួយដែលដំណើរការ២ទៅ៣ម៉ោង អ្នកថតរូបត្រូវជ្រើសរើសយករូបតែ១ឬ២សន្លឹក ដើម្បីផ្សព្វផ្សាយ។

ជាមួយការប្រឡងថតរូបនេះដែរ គឺក្នុងគោលបំណងចង់ឱ្យប្រជាពលរដ្ឋបានឃើញអំពីទិដ្ឋភាពផ្សេងៗតាមរយៈរូបថត ព្រោះនៅក្នុងសម័យតេជោ ប្រជាជនកម្ពុជារស់នៅក្រោមដំបូលនៃសុខសន្តិភាព ហើយមានឱកាសដើរកម្សាន្តស្ទើរតែគ្រប់កន្លែងទាំងអស់នៅទូទាំងប្រទេស រួមជាមួយ Camera ថតរូប និងទូរសព្ទ័ស្មាតហ្វូនដែលខ្លួនមាន គឺបានផ្តិតយករូបភាពទាំងអស់នោះ ហើយផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម Facebook និងប្រពន្ធ័ផ្សព្វផ្សាយដទៃទៀតផងដែរ។

លោក មាលី អ្នកជំនាញបណ្តុះបណ្តាលផ្នែកថតរូប អស់រយៈពេល១២ឆ្នាំនៅប្រទេសកម្ពុជា ហើយជាគ្រូបង្រៀនថតរូបនៅ DMC បានលើកឡើងថា នៅក្នុងសម័យឌីជីថលនេះ រូបភាពមានតម្រូវការប្រើប្រាស់កាន់តែច្រើនជាងមុនបន្ថែមទៀត ហើយរូបភាពបានដើរតូនាទីសំខាន់ណាស់ក្នុងសង្គមកម្ពុជា ទាំងផ្នែកអភិវឌ្ឍន៍ ទេសចរណ៍ វប្បធម៌ សហគមន៍ រួមទាំងវិស័យផ្សេងៗទៀត ដើម្បីធ្វើឱ្យគេស្គាល់ប្រទេសជាតិ។

លោក ទូច ស៊ាងអ៊ុយ (Steven) នាយកគ្រប់គ្រងផែនការ តំណាងក្រុមហ៊ុន OPPO ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្តល់ឱកាសដល់ក្រុមហ៊ុន OPPO ដើម្បីធ្វើកិច្ចសហការបង្កើតនូវកម្មវិធីការប្រកួតថតរូប «SEE CAMBODIA 2024» ដោយចែងចែកជា៤ប្រធានបទផ្សេងៗគ្នា ដែលមានការពាក់ព័ន្ធនឹងទេសចរណ៍ វប្បធម៌ប្រទេសកម្ពុជា និងបច្ចេកវិទ្យាសម័យថ្មី។

ឆ្លងកាត់ការប្រកួតប្រជែងថតរូបអស់ជាច្រើនសប្តាហ៍ ដែលបេក្ខជនចូលរួមប្រកួតជាង៦០០នាក់ បានធ្វើការជម្រុះយកតែ២០នាក់ចុងក្រោយ ដើម្បីប្រកួតវគ្គផ្តាច់ព្រាត់យកចំណាត់ថ្នាក់លេខ១ ដល់លេខ៥ លើប្រធានបទ «បច្ចេកវិទ្យាឧស្សាហកម្ម 4.0 នៅកម្ពុជា»

ជាលទ្ធផល លេខ១បានទៅលើបេក្ខជន ឃុន កែវវាសនា លេខ២ លោក ស៉ីន ឌីណែត លេខ៣ លោក ឆន ភារម្យ លេខ៤ លោក យ៉ន់ សូវៀត និងលេខ៥ លោក អុំ ផានិត។

ចំពោះពានរង្វាន់សម្រាប់ការប្រកួតមា៖
* ជ័យលាភីលេខ១ មានទឹកប្រាក់ ៤លានរៀល ទូរស័ព្ទដៃ OPPO Reno11 5G និងវិញ្ញាបនបត្រ ១សន្លឹក
* ជ័យលាភីលេខ២ មានទឹកប្រាក់ ១លានរៀល ទូរស័ព្ទដៃ OPPO Reno11 F 5G និង វិញ្ញាបនបត្រ ១សន្លឹក
* ជ័យលាភីលេខ៣ មានទឹកប្រាក់ ៥០ម៉ឺនរៀល ថេប្លេត OPPO Pad Neo និងវិញ្ញាបនបត្រ ១សន្លឹក
* ជ័យលាភីលេខ៤ មានទឹកប្រាក់ ២០ម៉ឺនរៀល នាឡិកា OPPO Watch X និងវិញ្ញាបនបត្រ ១សន្លឹក
* ជ័យលាភីលេខ៥ មានទឹកប្រាក់ ១០ម៉ឺនរៀល កាស OPPO Enco Air3 និងវិញ្ញាបនបត្រ ១សន្លឹក
* ជ័យលាភីលេខ៦ ដល់ លេខ១០ ទទួលបានកាស OPPO Enco Buds2 ម្នាក់មួយគ្រឿង៕់