(ភ្នំពេញ)៖ កម្មវិធីសិក្សាទំនាក់ទំនងអន្តរជាតិ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ត្រូវបានទទួលស្គាល់គុណភាពពីអាស៊ាន ឬគេស្គាល់ថា បណ្តាញសាកលវិទ្យាល័យរបស់អាស៊ាន (ASEAN University Network)។ នេះបើតាមលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

សម្រាប់លោក ជេត ជាលី វិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណ: របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទោះបីជាវិទ្យាស្ថាន ដែលទើបបង្កើតក្រោយគេ នៅក្នុងសាកលវិទ្យាល័យក្តី តែវិទ្យាស្ថានបានទទួលជោគជ័យជាច្រើន ក្នុងកម្រិតតំបន់ និងអន្តរជាតិ។ លោកបានអបអរដល់គណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតទាំងអស់ ចំពោះសមិទ្ធផលថ្មីមួយនេះ៕