(ភ្នំពេញ)៖ ក្រោយសវនាការសួរដេញដោលលើក្រុមជនត្រូវចោទ អស់ពេញមួយព្រឹក នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ លោកស្រីចៅក្រម អ៊ុក រ៉េតគន្ធា ដែលជាប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជម្រះ លោក សេង ហៀង ជាតំណាងអយ្យការ បានសម្រេចលើកយកសំណុំរឿងេខាងលើ ទៅបន្តសវនាការនៅថ្ងៃ០៥ មិថុនា ២០២៤ ខាងមុខ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ កន្លងទៅ តុលាការបានសម្រេចឃុំខ្លួន សកម្មជនចលនាមាតាធម្មជាតិ៣នាក់ នៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។

ក្រៅពីការចោទប្រកាន់លើ សកម្មជនចលនាមាតាធម្មជាតិទាំង៣រូបនេះ តុលាការក៏បានចោទប្រកាន់ចំពោះ លោកអាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជាជនជាតិអេស្បាញ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ផងដែរ។

អង្គការមាតាធម្មជាតិ ដែលទីស្នាក់ការកណ្តាលតាំងនៅវត្តចំការឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបង្កើតឡើង និងដឹកនាំដោយ លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស សម្រេចលុបចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោក អាឡិច ចេញពីប្រទេសកម្ពុជា។

លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង និងប្រឆាំង ការបូមខ្សាច់នៅក្នុង ខេត្តកោះកុង ដែលអាជ្ញាធរអះអាងល្មើសច្បាប់នៅកម្ពុជា។ បន្ទាប់ពីបណ្តេញចេញ ជននេះក៏ត្រូវបានវ៉ៃត្រាក្រហម ហាមចូលប្រទេសកម្ពុជារហូតផងដែរ។

ក្រោយការសួរដេញដោលមិនទាន់ត្រូវបានបញ្ចប់ ចៅក្រមជំនុំជម្រះបានសម្រេច លើកយកទៅបន្តជំនុំជម្រះ នៅថ្ងៃ០៥ មិថុនា ២០២៤។