Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តបន្ទាយមានជ័យ និងបាត់ដំបង សហការជាមួយខេត្តស្រះកែវ ប្រកួតកីឡា ដើម្បីសុខភាព និងរឹតចំណងមិត្តភាព

14-09-2016 14:01

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបាត់ដំបងរបស់កម្ពុជា និងខេត្តស្រះកែវ ប្រទេសថៃ បានចូលរួមប្រកួតកីឡានាំមកនូវសុខភាពល្អ ជៀសផុតពីគ្រឿងញៀន ជាពិសេសទំនាក់ទំនងជាមួយគ្នាកាន់តែស្អិតរមួត ទំនាក់ទំនងល្អ រួមគ្នាអភិវឌ្ឍន៍ ដែលមានព្រំដែនជាប់គ្នា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅបរិវេណសាលារៀនស្រុកអារញ្ញប្រថេប ខេត្តស្រះកែវ។

ភាគីកម្ពុជាដឹកនាំដោយ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ អភិបាលស្រុកទាំង៥ ជាប់ព្រំដែនជាមួយគ្នា មន្ត្រីជុំវិញខេត្ត និងក្រុមកីឡាករជាង២០០នាក់ ភាគីថៃ  ដឹកនាំដោយលោក ប៉ាន់ យ៉ាហានឡាំយួង អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងកីឡា និងលោក វី រ៉ាត់ប្រសេដ្ឋថូ អភិបាលខេត្តរងខេត្តស្រះកែវ និងមន្រ្តីពាក់ពន្ធ័ជាច្រើនរូប។

ក្នុងឱកាសនោះដែរ លោក សួន បវរ អភិបាលខេត្ត បានថ្លែងថា រដ្ឋបាលទាំងបីខេត្ត នេះបានផ្តួចផ្តើមឱ្យមានកម្មវិធីប្រកួតកីឡា មិត្តភាព កម្ពុជា-ថៃ ដ៏មានសារៈសំខាន់ និងបានរៀបចំទទួលគណៈ​ប្រតិភូទាំង២ យ៉ាងកក់ក្តៅ និងក្រុមកីឡាករ បងប្អូនរបងភូមិផងរបងជាមួយគ្នា។ លោកបន្តថា «ពិតមែនតែវិស័យកីឡានៃកម្ពុជាយើង ដើរក្រោយវិស័យកីឡានៃព្រះរាជាណាចក្រថៃ មួយជំហាន​យ៉ាងឆ្ងាយ​ក៏ពិតមែន ក៏ប៉ុន្តែប៉ុន្មានឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់លើកស្ទួយវិស័យកីឡាបានផ្តល់ ការលើកទឹកចិត្តដល់ក្រុមកីឡាករកម្ពុជា ដើម្បីឲ្យវិស័យកីឡា កម្ពុជាបោះជំហានយ៉ាងស្វាហាប់ ក្លៀវក្លា ដើរឲ្យទាន់ ប្រទេសនានានៅលើពិភពលោក មួយរយៈពេលនេះកន្លងមកនេះ ទទួល​បានលទ្ធផលជាផ្លែផ្កាគួរជាមោទនៈភាពផងដែរ»។

រដ្ឋបាលទាំងបីខេត្ត បានបញ្ជាក់យ៉ាងដូច្នេះថា ការប្រកួតកីឡាមិត្តភាពថ្ងៃនេះ ភាពចាញ់ ឬឈ្នះ ក៏ពិតមែនតែមានសារៈសំខាន់សម្រាប់ការប្រកួត និងមានស្មារតី ស្រលាញ់រាប់អានគ្នា ក្នុងនាម​អ្នកកីឡាករ និងសាមគ្គីភាពរវាងកីឡាករ និងកីឡាករ រវាងប្រទេសទាំង២ កម្ពុជា ថៃ ជាពិសេសនោះរវាងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តស្រះកែវ ប្រទេសថៃ កាន់តែមានសារៈ​សំខាន់បន្ថែមទៀត ព្រោះវិស័យកីឡានាំមកនូវសុខភាពល្អ ជៀសផុតពីគ្រឿងញៀន និងភាពធំធេង សម្រាប់សន្តិភាព និងកាត់បន្ថយជន្លោះ លើសកលលោក បានយ៉ាងប្រសិទ្ធភាព។

សូមបញ្ជាក់ថា ការប្រកូតកីឡា នេះមានថ្នាក់ដឹកនាំ រដ្ឋបាលទាំងបី ថ្នាក់កងកម្លាំងប្រដាប់អាវុធ ថ្នាក់មហាជន និងថ្នាក់យុវជន ដូចជាការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃ មានចំនួន៨ក្រុម ការប្រកួត​បាល់​ទះ កម្ពុជា-ថៃ មានចំនួន៨ក្រុម ក្រុមផ្តល់កម្លាំងទឹកចិត្ត មានចំនួន៨ក្រុម និងការប្រកួតកីឡា ល្បែងប្រជាប្រិយ កម្ពុជា-ថៃ មានចំនួន៣ប្រភេទ ក្រោយពីបញ្ចប់ការប្រកួតកីឡា១ថ្ងៃពេញនេះ ក៏មានការជប់លៀងជាមិត្តភាពរួមគ្នា នៅល្ងាចផងដែរ៕