(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៨៧,១៩% ហើយបើគ្មានការប្រែប្រួលទេ គម្រោងនេះអាចនឹងបញ្ចប់ការសាងសង់រួចរាល់មុនកិច្ចសន្យាមួយឆ្នាំ ដោយធានាបាននូវកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែបានចង្អុលបង្ហាញឱ្យលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ យកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។

វឌ្ឍនភាពការងារសាងសង់រួមមាន៖ ១៖ អ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ គ្រោងបញ្ចប់ ១០០% នាពាក់កណ្តាលខែមិថុនា ២៖ ការងារបំពាក់សម្ភារសុវត្ថិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ដែលជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ គ្រោងបញ្ចប់នៅបំណាច់ខែសីហាខាងមុខ។

សូមជម្រាបជូនដែរថា ផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ទៅ ផ្លូវជាតិលេខ៣៣) កំពុងដំណើរការស្តារ និងលើកកម្រិតគុណភាព បន្ទាប់ពីបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងគ្រោងបញ្ចប់ការអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ គ្រោងបញ្ចប់ ១០០% នាពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។

ផ្លូវជាតិលេខ៣១នេះ កំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន, ចំពោះផ្លូវជាតិលេខ៣១ គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕