(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្តល់ព័ត៌មានបឋម អំពីតួនាទី ភារកិច្ច សមត្ថកិច្ច និងយន្តការទាំងឡាយរបស់ព្រឹទ្ធសភា ជូនសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៥ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

សូមជម្រាបដែរថា អង្គសិក្ខាសាលាប្រព្រឹត្តទៅរយៈពេល ០២ព្រឹក ចាប់ពីថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីជាជំនួយស្មារតី បន្ថែម ជូនសមាជិក សមាជិកាព្រឹទ្ធសភា ក្នុងការបំពេញការងារប្រចាំថ្ងៃ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។

សិក្ខាសាលាផ្តល់ព័ត៌មានបឋមនេះ ផ្តោតសំខាន់លើប្រធានបទស្តីពី៖

* បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
* មុខាងារទាំងបីរបស់ព្រឹទ្ធសភា
* តួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការជំនាញទាំង១០ នៃព្រឹទ្ធសភា
* តួនាទី ភារកិច្ច និងសមត្ថកិច្ចក្រុមនានារបស់ព្រឹទ្ធសភា៖ ក្រុមសមាជិកាព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមនយោបាយ ក្រុមពិភាក្សា) ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយបណ្តាស្ថាប័នអន្តរសភា(ក្រុមពហុភាគី) ក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាជាមួយសភាបណ្តាប្រទេស(ក្រុមទ្វេភាគី)
* លក្ខន្តិកៈសមាជិកព្រឹទ្ធសភា និងអភ័យឯកសិទ្ធិ និងផលប្រយោជន៍របស់សមាជិកព្រឹទ្ធសភា និងក្រមសីលធម៌របស់សមាជិកព្រឹទ្ធសភា
* តួនាទី ភារកិច្ច សមត្ថកិច្ច និងចក្ខុវិស័យរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕