(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់ស្ថាប័ន អង្គភាព សមាគមសារព័ត៌មានទាំងអស់ បន្តពង្រឹងការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន កសាងបន្ថែម និងថែរក្សាទំនុកចិត្តរបស់ប្រជាជន និងសង្គមជាតិទាំងមូលមកលើវិស័យព័ត៌មានកម្ពុជា។

ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍ រៀបចំឡើងដោយ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានអ្នកសារព័ត៌មានចំនួន៥០រូបចូលរួម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា ការរៀបចំជាវគ្គបណ្តុះបណ្តាលជំនាញស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍នេះឡើង ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សក្នុងចំណោមអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពរបស់ខ្លួនឲ្យមានការគោរព និងអនុវត្តក្រមសីលធម៌ ដែលជាកាតព្វកិច្ចផ្សារភ្ជាប់ជាមួយសិទ្ធិក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុចរិតភាពក្នុងសង្គម និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបន្តលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ក្នុងពង្រឹងគុណភាពសារព័ត៌មាន ព្រោះថាបរិបទក្នុងការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយពីបុរាណ មកប្រព័ន្ធផ្សព្វផ្សាយទំនើប ហាក់បីដូចជាអត់មានគ្រឹះរឹងមាំមួយ ដែលធ្វើឲ្យលេចឡើងនូវបាតុភាពជាច្រើននៅក្នុងការអនុវត្តមុខងារសារព័ត៌មាន នាសម័យប្រព័ន្ធផ្សព្វផ្សាយទំនើប រួម Facebook TikTok WhatsApp Messenger Telegram ជាដើម។ ប្រជាពលរដ្ឋលែងចំណាយពេលអង្គុយមើលទូរទស្សន៍ ស្តាប់វិទ្យុ ឬអានកាសែត ទស្សនាវដ្តីទៀតហើយ ដោយងាកមកមើលទូរសព្ទដៃវិញ ដោយអ្នកខ្លះបានចំណាយពេលមើលក្នុងមួយថ្ងៃរហូតដល់ជាង១០ម៉ោងក៏មានដែរ។ ប្រព័ន្ធផ្សព្វផ្សាយទំនើបដែលមានការកើតឡើងយ៉ាងឆាប់រហ័សនេះ គឺមានដំណឹង និងព័ត៌មានជាច្រើនត្រូវបានដាក់បញ្ជូលទាំងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យមានភាពច្របូកច្របល់។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា នៅក្នុងបរិបទទំនើប ព័ត៌មានគឺមានភាពទន់ប្រៀបបានទៅនឹងដីឥដ្ឋ ហើយការផ្សាយព័ត៌មានគឺមិនគ្រប់គ្រងបានទាំងអស់នោះទេ។ ដូច្នេះហើយទើបក្រសួងព័ត៌មានបានដាក់ចុះនូវយុទ្ធសាស្រ្តសន្តិសុខព័ត៌មាន ដោយបានបង្កើតនូវគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។

លោក នេត្រ ភក្ត្រា បានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ពិសេសសារព័ត៌មានអនឡាញ ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារនៃអត្ថបទដែលមានគុណភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។

តាមរបាយការណ៍របស់លោក ហុីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារបណ្តុះបណ្តាល វគ្គបណ្តុះបណ្តាលនាឱកាសនេះ សម្រាប់ផ្តល់ជូនដល់អ្នកសារព័ត៌មានឯកជនដែលមានបំណងបំពេញចំណេះ និងជំនាញរបស់ខ្លួន ដែលតម្រូវឲ្យដើរលើមាគ៌ាត្រឹមត្រូវតាម បទដ្ឋានដែលត្រឹមត្រូវមួយ ដែលអាចទទួលស្គាល់ និងទទួលយកបានជាសាធារណៈ។

សិក្ខាកាមជាអ្នកសារព័ត៌មានអាចទទួលបាននូវចំណេះដឹង យល់ច្បាស់ពីដំណឹងទាន់ហេតុការណ៍ប្រកបដោយវិជ្ជាជីវៈ និងដំណឹងប្រូតូកូល (Protocole News)។

យល់ដឹងពីភាពពេញលេញនៃដំណឹងទាន់ហេតុការណ៍ តាមក្បួនខ្នាតត្រឹមត្រូវ ដោយមានខ្លឹមសារគ្រប់គ្រាន់ ជាពិសេសការចាប់មុម និងការឆ្លើយតបសំណួរ 5W + H សម្រាប់ សារព័ត៌មានទាំងបោះពុម្ព (កាសែត, ទស្សនាវដ្តី, វិទ្យុ និងទូរទស្សន៍) ព្រមទាំង ប្រព័ន្ធផ្សព្វ ផ្សាយអនឡាញ។

យល់ដឹងពីការប្រមូលព័ត៌មាន, វិធីសាស្ត្រសម្ភាស, ប្រភពព័ត៌មាន, ការកសាងប្រភពព័ត៌មាន, ការគោរពសិទ្ធិ, និងការការពារប្រភពព័ត៌មាន។

យល់ដឹងពីភាពខុសគ្នារវាងការពិពណ៌នា និងការបញ្ចេញទស្សនៈនៅក្នុងអត្ថបទដំណឹង។

យល់ដឹងពីភាពខុសគ្នារវាងសំណេរវិជ្ជាជីវៈ និងសំណេរអក្សសិល្ប៍។

យល់ដឹងពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ស្របតាមច្បាប់ និងក្រមសីលធម៌សារព័ត៌មាន។

យល់ដឹងពីការផ្ទៀងផ្ទាត់មុនចេញផ្សាយ ដូចជា (អក្ខរាវិរុទ្ធ, ការប្រើប្រាស់ពាក្យ, ភាសា និង ប្រយោគ ព្រមទាំងរូបភាពពាក់ព័ន្ធនឹងប្រធានបទ)។

យល់ដឹងជារួម ពីកំហុសឆ្គងក្នុងការលួចស្នាដៃអ្នកដទៃ ដែលពាក់ព័ន្ធទាំងផ្លូវច្បាប់ និងក្រម សីលធម៌សារព័ត៌មាន៕