(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងច្បារមន ចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលសកម្មភាពការងារជាក់ស្តែង របស់បងប្អូនជាកម្មករ-កម្មការិនី ក្នុងអំឡុងពេលបំពេញការងារនៅរោងចក្រ កាត់ដេរសម្លៀកបំពាក់ «អ៊ែដ្យាយល៍ ស្វេតថឺ (ខេមបូឌា), Agile Sweater (Cambodia) Co., LTD» ស្ថិតនៅក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង បានថ្លែងថា «គោលបំណងក្នុងថ្ងៃនេះ គឺដើម្បីស្វែងយល់អំពីការងារ អំពីរបបការរស់នៅ អំពីបរិស្ថានអនាម័យ នៅក្នុងរោងចក្រអ៊ែដ្យាយល៍ ស្វេតថឺនេះ មានផ្ទៃដីប្រមាណ៨ម៉ឺនម៉ែត្រការ៉េ អគារធំៗចំនួន៥ និងមានកម្មករ-កម្មការីនី ជិត២ពាន់នាក់ កំពុងបម្រើការសព្វថ្ងៃ និងមានថៅកែជាជនជាតិចិនមួយចំនួន ផងដែរ»។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត អនុញ្ញាតឲ្យក្រុមកម្មករ-កម្មការិនី និយាយពីសុខទុក្ខផ្សេងៗ ដែលគាត់ចង់លើកឡើង ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយ ហើយលោក ក៏បានលើកឡើងដែរថា កម្មករ-កម្មការិនី ត្រូវប្រឹងប្រែងធ្វើការងារ ដើម្បីទទួលប្រាក់ឈ្នូល ដែលរាជរដ្ឋភិបាល បានតំឡើងជូនបងប្អូនសមរម្យរួចមួយចំនួន និងមួយចំនួនកំពុងដោះស្រាយបន្តជូនផងដែរ៕