(ភ្នំពេញ)៖ លោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន បានផ្ញើសារលិខិតចូលរួមអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសារលិខិតលោកប្រធានព្រឹទ្ធសភាអ៊ូសបេគីស្ថាន បានលើកឡើងដូច្នេះថា «តាងនាមព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរដោយស្មោះជូនចំពោះសម្តេចក្នុងឱកាសដែលសម្តេច ត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ទំនាក់ទំនងជាមិត្តភាពរវាងប្រទេសយើងទាំងពីរ ឈរលើមូលដ្ឋាននៃការជឿជាក់ និងគោរពគ្នាទៅវិញទៅមក និងបានពូនជ្រុំដោយលទ្ធផលជាក់ស្តែង ដែលឆ្លើយតបទៅនឹងឆន្ទៈ និងផលប្រយោជន៍ដ៏ពេញលេញនៃប្រជាជនយើង ជាពិសេសការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងអន្តរ សភាទាំងពីរ។

ខ្ញុំជឿជាក់ថា ក្នុងអាណត្តិនៃភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់សម្តេច ក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទៅវិញទៅមក រវាងសាធារណរដ្ឋអ៊ូសបេគីស្ថាន និងព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគោរពជូនពរ សម្តេចសូមមានអាយុយឺនយូរ សុខភាពល្អបរិបូណ៍ និងជោគជ័យដ៏ធំធេងក្នុងភារកិច្ចប្រកប ដោយការទទួលខុសត្រូវរបស់សម្តេច និងសូមជូនពរឱ្យ ប្រជាជនកម្ពុជា ទទួលបាននូវភាពរីកចម្រើនរុងរឿង និងវិបុលភាព»៕