(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍សមាគម ពិនិត្យលទ្ធផលការងាររយៈពេល ៩ខែ ក្នុងឆ្នាំ២០១៦នេះ និងលើកទិសដៅការងារបន្ត ដើម្បីជួយឲ្យការរស់នៅរបស់អតីតយុទ្ធជន ក៏ដូចជាក្រុមគ្រួសារកាន់តែមានភាពល្អប្រសើរ។
របាយការណ៍របស់សមាគមអតីតយុទ្ធជន បានឲ្យដឹងថា រយៈពេល ៩ខែឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំសមាគមបានចុះជួបសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជននៅតាមរាជធានី ខេត្ត ចំនួន ៣៨,១៣៧នាក់ នៃចំនួនសរុប ៧១,៩៨០នាក់ ដោយចំណាយថវិកាជិត ២ពាន់លានរៀល។
របាយការណ៍ បានឲ្យដឹងផងដែរថា រយៈពេល ៩ខែនេះ សមាគម បានបើកថវិកាបេឡាមរណៈសង្រ្គោះជូនគ្រួសារសមាជិកនៃសមាគម បានចំនួន ១,០៤៦សព ក្នុងនោះថវិការបស់សមាគមរាជធានី ខេត្ត ៦៩២សព ថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនចំនួន ១៥០សព និងថវិកាសប្បុរសជន ២០៤សព។ របាយការណ៍បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៧ មកដល់ខែសីហា ឆ្នាំ២០១៦នេះ សមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ថវិកាបេឡាមរណៈសង្រ្គោះជូនគ្រួសារសពសមាជិកសមាគម បានចំនួន ៨,៧៤៦សព។
របាយការណ៍របស់សមាគមអតីតយុទ្ធជន បានឲ្យដឹងទៀតថា សមាគមបានចុះបើកប្រាក់ធានារ៉ាប់រងសង្គមដល់លំនៅដ្ឋានគ្រួសារសពសមាជិកនៅតាមរាជធានី-ខេត្ត បានចំនួន ២,៩៤៥នាក់ ស្មើនិងទឹកប្រាក់ជាង ១៤ពាន់លានរៀល (១៤,២៣៣,១៣៨,៤៤៥រៀល) នៅសល់ ៥៧១នាក់ទៀត ស្មើនិងថវិកាជាង ៣ពាន់លានរៀល (៣,៤៦៥,៩៤០,៦៦០រៀល) ដែលនឹងត្រូវបើកបន្តនៅក្នុងខែតុលា ៣៥៥នាក់ និងខែវិច្ឆិកា ២១៦នាក់។
៩ខែមកនេះ សមាគម បានសាងសង់អគារសិក្សា ១ខ្នង ៦បន្ទប់ និងផ្ទះចំនួន ១៥០ខ្នង នៅមណ្ឌលអភិវឌ្ឍន៍៣១៧តេជោភ្នំឆ័ត្រ និងសង់ផ្ទះជូនសមាជិកសមាគមទ័លក្រ មានជំរកស្នាក់ នៅមិនសមរម្យចំនួន ៧៧ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ចំនួន ៧៥ខ្នង និងសប្បុរសជនចំនួន ២ខ្នង។
ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញដល់គណៈអចិន្ត្រៃយ៍សមាគមបន្តអនុវត្តអនុសាសន៍របស់សម្តេចតេជោ ១៤ចំណុច និង ៥ចំណុច និងបន្តជំរុញបញ្ចប់ការងារបូកសរុបលទ្ធផលបច្ចុប្បន្នភាពសមាជិកសមាគម។
នាយឧត្តមសេនីយ៍អគ្គលេខាធិការ ក៏បានជំរុញការងារសាងសង់ផ្ទះជូនយោធិនពិការ និងសាលារៀន ១ខ្នងនៅមណ្ឌលភ្នំឆ័ត្រ និងស្រាវជ្រាវពិនិត្យលទ្ធភាពសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលគ្មានផ្ទះស្នាក់នៅសមរម្យ។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើទៅដល់គណៈអចិន្ត្រៃយ៍សមាគម បន្តចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយសមាជិកសមាគម និងគ្រួសារនៅតាមរាជធានី ខេត្ត ដើម្បីលើកទឹកចិត្តដល់ពួកគាត់។ ជាពិសេសបានដឹងពីសុខទុក្ខ និងដោះស្រាយផលលំបាករបស់សមាជិកសមាគម ក៏ដូចជាក្រុមគ្រួសារឲ្យកាន់តែមានប្រសិទ្ធភាព។
របាយការណ៍បានឲ្យដឹងថា បច្ចុប្បន្នសមាគមអតីតយុទ្ធជនមានសមាជិកនៅតាមបណ្តាខេត្តទាំង ២៤ចំនួន ៥៩,៨៦៤នាក់៕