(សេអ៊ូល)៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Inkyo Cheong រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីវិធានការដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-កូរ៉េ រួមទាំងលទ្ធភាពតម្លើងកម្រិតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (FTA) ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងទៀត ដែលជួយពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សាធារណរដ្ឋកូរ៉េ។

បន្ទាប់ពីនេះលោកបណ្ឌិត កៅ គឹមហួន បានន្តជួបពិភាក្សាការងារជាមួយលោក Kim Chang-beom អនុប្រធាន និងជានាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មកូរ៉េ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងរិះរកគំនិតថ្មីៗ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-កូរ៉េ ជាពិសេស ផ្តល់នូវផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើន ដល់ប្រជាជនអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

លោកអគ្គលេខាធិការអាស៊ាន ក៏បានចែករំលែកពីទស្សនវិស័យសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជា បានលើកទឹកចិត្តឱ្យមានពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើនមកពីសាធារណរដ្ឋកូរ៉េ ទៅកាន់អាស៊ាន។

នៅព្រឹកថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានជួបឆ្លៀតឱកាសដើម្បីជួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងសេអ៊ូល (ACS)។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណ ACS សម្រាប់ការចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ហើយបានចែករំលែកទស្សនៈ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

លោកបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តឱ្យ ACS ដើម្បីតួនាទីសកម្មក្នុងការលើកកម្ពស់សកម្មភាពវប្បធម៌ និងធុរកិច្ច ព្រមទាំង ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេស ស្របពេលដែលភាគីទាំងពីរ អបអរខួបអនុស្សាវរីយ៍ ៣៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងដៃគូសន្ទនានៅឆ្នាំនេះផងដែរ។

នៅរសៀលថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយការងាររៀបចំដោយលោក Cho Tae-yul រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ។

នៅក្នុងឱកាសនោះ មានការផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបញ្ហាតំបន់មួយចំនួន ដែលជាការចាប់អារម្មណ៍ចំពោះអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ ភាគីទាំងអស់បានឯកភាពធ្វើការជិតស្និទ្ធរួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ឆ្ពោះទៅការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ស្របពេលជាមួយខួបអនុស្សាវរីយ៍ ៣៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងដៃគូសន្ទនានៅឆ្នាំនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ អគ្គលេខាធិការអាស៊ាន បានបន្តជួបពិភាក្សាការងារជាមួយលោក Lee Jong Ho រដ្ឋមន្ត្រីវិទ្យាសាស្ត្រ និង ICT កូរ៉េ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងបរិវត្តកម្មឌីជីថលដើម្បីដោះស្រាយការប្រឈមនានា ដែលសមាជិកអាស៊ានជួបប្រទះ។ ភាគីទាំងពីរបានពិភាក្សាអំពី គម្រោងនវានុវត្តន៍ឌីជីថលអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចសហការក្នុងវិស័យឌីជីថលរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

នៅក្នុងឱកាសនោះដែរ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីលទ្ធភាពសម្រាប់ជំនួយរបស់កូរ៉េ ក្នុងកម្មវិធីកសាងសកម្មភាព ដើម្បីជួយដល់ការចរចា ក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល (DEFA)។ បន្ថែមលើនេះ ភាគីទាំងពីរក៏ទន្ទឹងពង្រឹងកិច្ចសហការរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ នៅក្រោមក្របខណ្ឌ កិច្ចប្រជុំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម។

នៅរសៀលថ្ងៃទី២៨ ខែឧសភាដដែល លោកបណ្ឌិត កៅ គឹមហួន បានចែករំលែកទស្សនៈជាមួយសារព័ត៌មាន Korea Herald អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។

នោក្នុងកិច្ចសម្ភាសន៍ លោកអគ្គលេខាធិការអាស៊ាន បានជម្រាបជូនថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូសន្ទនាដ៏សកម្ម និងស្វាហាប់បំផុតមួយរបស់អាស៊ាន ហើយអាស៊ានប្តេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យរវាងភាគីទាំងពីរ ជាពិសេស ស្របពេលជាមួយខួបអនុស្សាវរីយ៍ ៣៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងដៃគូសន្ទនានៅឆ្នាំនេះ។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅទស្សនានៅសារៈមន្ទីរបច្ចេកវិទ្យា Technology U-topia (T.um) ដែលជាសារៈមន្ទីរ ICT ដែលផ្តល់នូវបទពិសោធន៍បច្ចេកវិទ្យាជាច្រើន ដូចជា យានយន្តស្វ័យប្រវត្តិ 5G ដ្រូន បញ្ញាសិប្បនិម្មិត ទិន្នន័យធំៗ រ៉ូប៊ត គំនូរ 3D ជាដើម។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានប្រាប់ពីដំណើរការឆ្ពោះទៅកាន់អនាគតថ្មីមួយ ប្រកបដោយលទ្ធភាពគ្មានព្រំដែន ដែលឧស្សាហកម្មនានា ដូចជា៖ ថាមពល កសិកម្មនៅទីក្រុង និងការថែទាំសុខភាព ត្រូវបានប្រែក្លាយជាមួយនឹងសេវាបញ្ហាសិប្បនិម្មិត៕