(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ គោលការណ៍ណែនាំស្តីពី «ដំណើរការទារកដ្ឋាន»

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួង និងមន្ទីរកិច្ចការនារី ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សរុបចំនួន១៩៤នាក់ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ដោយមានការគាំទ្រពីធនាគារពិភពលោក។

នៅឆ្នាំ២០១៨ ក្រសួងកិច្ចការនារី ក្រោមគំនិតផ្តួចផ្តើមរបស់ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានបង្កើតទារកដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ ការផ្តល់សេវាថែទាំ សម្រាប់កុមារតូចពីអាយុ ០ ដល់ ៥ឆ្នាំ ប្រកបដោយសុវត្ថិភាព គុណភាព និងស្ដង់ដារ ដើម្បីឲ្យឪពុកម្តាយជាមន្រ្តីរាជការមានលទ្ធភាពធ្វើការងារប្រកបដោយប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយអវត្តមាន និងលើកកម្ពស់តុល្យភាពរវាងជីវិតការងារ និងជីវិតគ្រួសារ។

គោលការណ៍ណែនាំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងណែនាំអំពីវិធិសាស្ត្រផ្ដល់សេវាអំពីទារកដ្ឋាន ដោយផ្ដោតលើគោលការណ៍គន្លឹះមួយចំនួនដូចជា៖ ការថែទាំ ការអភិវឌ្ឍកុមារតូច សុខភាពនិងអនាម័យ អាហារូបត្ថម្ភ និងការអប់រំតាមអាយុរបស់កុមារ។

គោលការណ៍ណែនាំនេះ ក៏បានផ្ដល់នូវគោលការណ៍សំខាន់ៗ ពាក់ព័ន្ធទៅលើរចនាសម័្ពន្ធ និងមគ្គុទេសក៍អប្បបរមាប្រកបដោយភាពជាក់លាក់ សមស្រប និងបង្កលក្ខណៈងាយស្រួល ដល់ក្រសួងស្ថាប័ន និងវិស័យឯកជន ដែលអាចទៅយកប្រើប្រាស់បានទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែងរបស់ខ្លួន។

ថ្លែងក្នុងឱកាសនេះដែរ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ការបង្កើតឲ្យមានទារកដ្ឋាននេះ ជាចំណែកមួយក្នុងការលើកកម្ពស់ ការចិញ្ចឹមកូនបែបវិជ្ជមាន ដែលមានសារៈសំខាន់ ក្នុងការជួយឲ្យកុមារមានការអភិវឌ្ឍលើបញ្ញា ស្មារតី សុជីវធម៌ និងគុណធម៌ក្នុងការរស់នៅ និងក្លាយជាមូលធនមនុស្សនៅក្នុងសង្គមនាពេលអនាគត៕