(រ៉ូម៉ានី)៖ ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រ Airbus របស់បារាំង បានធ្វើការបើកសម្ពោធរោងចក្រថ្មីមួយ នៅចំកណ្តាលប្រទេសរ៉ូម៉ានី ដើម្បីផលិតឧទ្ធម្ភាគចក្រម៉ាស៊ីនពីរ ប្រភេទH215 នៅក្នុងប្រទេសដ៏មាន សក្តានុពលមួយនៅតំបន់អឺរ៉ុបនេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុនបន្តិច នារសៀលថ្ងៃពុធ ទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រ Airbus លោក Serge Durand បានធ្វើសេចក្តីប្រកាសថា «ឧទ្ធម្ភាគចក្រម៉ាស៊ីនពីរប្រភេទ H215 នេះត្រូវបានផលិតនៅក្នុងទីក្រុង របស់រ៉ូម៉ានី ១០០ភាគរយ ដែលនឹងត្រូវផលិតរួចរាល់ជាស្ថាពរនៅក្នុង ឆ្នាំ២០១៨ ខាងមុខនេះ» ។
នៅក្នុងកិច្ចបើកសម្ភោធនេះដែរ ត្រូវបានអញ្ជើញចូលរួម ដោយ នាយករដ្ឋមន្រ្តីនៃចក្រភពរ៉ូម លោក Dacian Ciolos ព្រមទាំងប្រធានាធិបតីនៃប្រទេសបារាំងលោក Francois Hollande ដែលបានធ្វើកិច្ចព្រមព្រៀងដាក់វិនិយោគទុនជាមួយគ្នា ក្នុងការបង្កើតរោងចក្រផលិត ឧទ្ធម្ភាគចក្រដ៏ធំនេះនៅក្នុងប្រទេសរ៉ូម៉ានី។
លោក Serge Durand បានមានប្រសាសន៍ទៀតថា ឧទ្ធម្ភាគចក្រម៉ាស៊ីនភ្លោះនេះ នឹងត្រូវបានផលិតជាផ្នែកៗ ដោយផ្នែកខ្លះត្រូវបាននាំចូលពី ប្រទេសបារាំង និងផ្នែកខ្លះទៀតនឹងត្រូវបានផលិត នៅក្នុងរ៉ូម៉ានីផ្ទាល់។ ម្យ៉ាងវិញទៀត អ្នកដែលនឹងត្រូវប្រើប្រាស់ ឧទ្ធម្ភាគចក្រដ៏ធំនេះ គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃរបស់ប្រទេសទាំងពីរ។
គួរបញ្ជាក់ថា រោងចក្រផលិតឧទ្ធម្ភាគចក្រ Airbus ត្រូវបានសាងសង់ឡើង នៅក្នុងផ្ទៃដីទំហំ១០,០០០ ម៉ែត្រក្រឡា ដែលមានទីតាំងនៅ ទីក្រុង Ghimbav ចំកណ្តាលប្រទេសរ៉ូម៉ានីតែម្តង ដោយត្រូវបានបណ្តាក់ទុន វិនិយោគក្នុងថវិកា ៥៨.៣៣ លានដុល្លារសហរដ្ឋអាមេរិក៕