(មណ្ឌលគិរី)៖ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ចាន់ វាសនា ប្រធានសាខា ក្រោមការណែនាំផ្ទាល់ពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូល នៅទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សហការជាមួយ មន្ទីរពាណិជ្ជកម្ម និង នគរបាលសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យ ម្ហូបអាហារវិចខ្ចប់ស្រាប់ នៅផ្សារសែនមនោរម្យ និងបានធ្វើតេស្តរកសារធាតុគីមី( BORAX ) នៅក្នុង ត្រីងៀត សាច់ក្រក នំបញ្ចុក លត ដើម្បីរកមើលទំនិញខូចគុណភាព តែជាលទ្ធផលមិនឃើញ មានសារធាតុគីមីនោះទេ ព្រោះអីអាជីវកមានការយល់ដឹងខ្ពស់ ពីបញ្ហាសុខភាព។
លោក ចាន់ វាសនា បានឲ្យដឹងថា ក្រុមការងារបានធ្វើការត្រួតពិនិត្យ តាមតូបលក់ទំនិញ និងបានធ្វើតេស្តរកសារធាតុគីមី (FORMALIN) នៅក្នុង មឹកសមុទ្រ ធ្វើតេស្ត រកសារធាតុគីមី sodium hydro sulfite (ម្សៅស) នៅក្នុងសណ្តែកបណ្តុះ ខ្ញីហាន់រួច ផ្លែប៉ម ផ្លែឪឡឹក ហើយជាលទ្ធផលពុំឃើញមានសារធាតុគីមីទេ ព្រោះសាខាកាំកុងត្រូល បានចុះត្រួតពិនិត្យ និងអប់រំ អាជីវករជាប្រចាំ ឲ្យអ្នកលក់យល់ដឹង ពីសុវត្តិភាព ម្ហូបអាហារដើម្បីការពារផលប្រយោជន៍ អ្នកប្រើប្រាស់។
លោក ចាន់ វាសនា បានបន្តថា នៅក្នុងការចុះពិនិត្យទំនិញ ក្រុមការងារក៏បានបិទផ្សាយនូវ រូបភាពPoster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ជាពិសេសនៅពេលរដូវបុណ្យទាន ជិតចូលមកដល់ បង ប្អូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
ជាមួយគ្នានោះដែរ លោក ប្រធានសាខា ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន យកចិត្តទុកដាក់ខ្ពស់ ចំពោះលក់ដូរ និងចែកចាយ តែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់ ឡើយ៕