(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រដេញតាមចាប់រថយន្ដសាំយ៉ុង១គ្រឿងដឹកឈើ ហើយបើកចូលហាងបាយយីហោ «អូននាង» សម្រាប់តែត្រូវម្ចាស់ហាងចេញមកឡូឡា បញ្ចោដល់កម្លាំងសមត្ថកិច្ចទាំងនោះថា រំខានការរកស៊ីរបស់ពួកគាត់។
ទីតាំងហាងលក់បាយខាងលើនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ក្នុងភូមិគោលាប់ ឃុំចង្រង់ ស្រុកចិត្តបុរី ខេត្តក្រចេះ។ លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឲ្យដឹងថា ក្រោយពីរថយន្ដនោះបានបើកចូលព្រៃក្រោយហាងបាយយីហោ «អូននាង» លោកក៏បានសុំគោលការណ៍ ពីលោកព្រះរាជអាជ្ញារងខេត្ត ដើម្បីចូលទៅចាប់រថយន្តនោះ តែនៅពេលលោកដឹកនាំកម្លាំងចូលទៅចាប់ ស្រាប់តែម្ចាស់ហាង មិនសហការជាមួយថែមទាំងស្រែកឡូឡាមកលើកងកម្លាំង ដោយចោទថា រំខានដល់ការលក់ដូររបស់គាត់ ភ្ញៀវមិនហ៊ានចូលហូបបាយថែមទៀតផង។
យ៉ាងណាក៏ដោយកម្លាំងសមត្ថកិច្ចចម្រុះ បានចូលទៅឃាត់រថយន្ដនោះ ហើយរកឃើញឈើគ្រាក់ប្រភេទធ្នង់ចាស់ៗ។ ជាមួយគ្នានេះសមត្ថកិច្ច អាចនឹងដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច ឬតុលាការ ដើម្បីជួយរកយុត្តិធម៌ចំពោះការស្រែកឡូឡារបស់ស្រ្តី ម្ចាស់ហាងបាយមួយនេះ មកលើមន្រ្តីនគរបាលយុត្តិធម៌ ពេលកំពុងចុះបំពេញការងារ។
សូមបញ្ជាក់ថា នាពេលកន្លងមក ម្ចាស់ហាងរូបនេះធ្លាប់ត្រូវបានលោក សោម វុទ្ធី ព្រះរាជអាជ្ញារងអមសាលដំបូងខេត្តក្រចេះ បានណែនាំម្ដងរួចមកហើយ ឲ្យគាត់សហការជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបរថយន្ដដឹកឈើល្មើស បើកចូលក្នុងហាងរបស់គាត់ តែគាត់មិនដែលសហការនោះទេ៕