(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១០,៥០ភាគរយហើយ លើសផែនការ ១,០៣ភាគរយ ខណៈដែលបច្ចុប្បន្ននេះសសរគ្រឹះចំនួន ២៤ដើម បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
សូមជម្រាបជូនថា ស្ពានឆ្លងកាត់ទន្លេបាសាក់ ជាប្រភេទស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ មានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ស្ពានបេតុងភ្លោះនេះមានទទឹងប្រវែងសរុប ២៧ម៉ែត្រ ដោយស្ពាននីមួយៗមានមុខកាត់ទទឹង ១៣,២៥ម៉ែត្រ ត្រូវអ៊ុតបេតុងកៅស៊ូ AC ផ្ទៃខាងលើកម្រាស់ ១០សង់ទីម៉ែត្រ ហើយមានគម្លាតពីគ្នា កន្លះម៉ែត្រ។ ស្ពាននីមួយៗ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លង ប្រវែង ៧ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានមានចំនួន ១គន្លង ប្រវែង ២,៥ម៉ែត្រ ផ្លូវថ្មើរជើងមានចំនួន ១គន្លង ប្រវែង ២ម៉ែត្រ បង្កាន់ដៃស្ពានសងខាងសរុបប្រវែង ១,២៥ម៉ែត្រ គម្លាតសុវត្ថិភាពប្រវែង កន្លះម៉ែត្រ និងមានទំហំឆ្លងកាត់សម្រាប់នាវាចរផ្នែកខាងក្រោមស្ពាន ៩០ម៉ែត្រ x ១១,៥ម៉ែត្រ។
ចំពោះផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨០៤,៣មែត្រ តភ្ជាប់ពីក្បាលស្ពានទាំងសងខាងទៅមហាវិថីសំខាន់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ផ្លូវតភ្ជាប់ក្បាលស្ពាននេះ នឹងត្រូវស្ថាបនាទៅតាមលក្ខណៈបច្ចេកទេស ក្នុងនោះ ផ្លូវតភ្ជាប់ពីក្បាលស្ពានត្រើយខាងលិច មានប្រវែង ៣៧៩,១៥ម៉ែត្រ និងត្រើយខាងកើត មានប្រវែង ៤២៥,១៥ម៉ែត្រ នឹងត្រូវស្ថាបនាជាប្រភេទផ្លូវបេតុងកៅស៊ូ AC អ៊ុតកម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២០ម៉ែត្រ លើទទឹងតួផ្លូវរួម ២៧ម៉ែត្រ។
គម្រោងនេះក៏រួមបញ្ចូលការស្ថាបនារង្វង់មូលចំនួន ២កន្លែង នៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពានទាំងសងខាងចំនួន ៤កំណាត់ ប្រវែងសរុប ១,៥៤១ម៉ែត្រ ដោយក្រាលបេតុងសរសៃដែក ព្រមទាំងការស្ថាបនាពង្រីកកំណាត់ផ្លូវចំនួន ២ខ្សែ រួមមាន ផ្លូវជាតិលេខ២ ប្រវែង ៣០០ម៉ែត្រ នៅត្រើយខាងលិច និងផ្លូវលេខ១១០ ប្រវែង ១១០ម៉ែត្រ នៅត្រើយខាងកើត ដើម្បីតភ្ជាប់ជាមួយស្ពាន និងការរៀបចំបំពាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។
គម្រោងនេះនឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕