(តៃវ៉ាន់)៖ អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយឈ្មោះថា Meranti បានវាយប្រហារមកលើកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ ដោយបង្កឱ្យលំនៅស្ថានជាង ១៨០,០០០ ខ្នង គ្មានអគ្គីសនីប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពដដែលបានបញ្ជាក់ទៀតថា បើទោះបីជាព្យុះទីហ្វុង Maranti មិនបានបណ្ដាលឱ្យមានគ្រោះ រអិលបាក់ដីក៏ដោយ ក៏ព្យុះមួយនេះបាននំាមកជាមួយនូវ ផ្គររន្ទះ, ខ្យល់បក់ខ្លាំង, និង ភ្លៀងធ្លាក់យ៉ាងគំហុក នៅឯភាគខាងកើត និងភាគខាងត្បូងនៃកោះតៃវ៉ាន់ផងដែរ។ ជាងនេះទៅទៀត នៅម៉ោងប្រមាណជា ១០៖១៥ នាទីព្រឹក(ម៉ោងនៅក្នុងតំបន់) ព្យុះMaranti បានធ្វើដំណើរក្នុងល្បឿន ពី៣០រហូតដល់ ២៦៣គីឡូម៉ែត្រ ក្នុងមួយម៉ោង ឆ្ពោះទៅកាន់ ទីក្រុង Hengchun។
យោងតាមអាជ្ញាធរឧតុនិយមតៃវ៉ាន់ កម្លាំងខ្យល់បក់ដ៏ខ្លាំងបែបនេះ មិនធា្លប់មានឡើយនៅក្នុង ប្រវត្តិសាស្ត្រនៃព្យុះដែលបានវាយលុកកោះតៃវ៉ាន់ នារយៈពេល១២០ឆ្នាំមកនេះ។ សូមជំរាបថា អាជ្ញាធរតៃវ៉ាន់បានជម្លៀសមនុស្សយ៉ាងហោចណាស់ ១៥០០នាក់ ទៅកាន់ទីទួលមានសុវត្ថិភាព ខណៈសាលារៀន ក្រុមហ៊ុន ឬ មធ្យោបាយធ្វើដំណើរជាច្រើន នៅភាគខាងកើតនិងភាគខាងត្បូងត្រូវបានបិទទ្វារ ឬលុបចោលជាបណ្ដោះអាសន្ន។
ជាមួយគ្នានោះដែរ អាជ្ញាធរឧតុនិយមបានព្យាករណ៍ដែរថា ព្យុះត្រូពិចមួយផ្សេងទៀតឈ្មោះថា Malakas ដែលបក់បោកមកពីភាគខាងកើតប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថានឹងមកដល់កោះតៃវ៉ាន់ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ សប្ដាហ៍នេះ តែទំនងជានឹងមិនបង្កឱ្យមានគ្រោះរអិលបាក់ដីឡើយ៕