(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូក្រុមហ៊ុន World Bridge Group ដឹកនាំដោយលោក Allen Tan នាយកផ្នែកយុទ្ធសាស្រ្ត និងតំណាងក្រុមហ៊ុន Doppelmayr Group ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ក្នុងជំនួបនាព្រឹកនេះអ្នកតំណាងក្រុមហ៊ុន Doppelmayr Group បានធ្វើបទបង្ហាញពីសាវតា សកម្មភាពប្រតិបត្តិការ និងគម្រោងនានា ដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោកទាំង ក្នុងតំបន់អាស៊ី និងអឺរ៉ុប ពិសេសគឺ សក្តានុពល និងគុណសម្បត្តិនៃការជ្រើសយកការដឹកជញ្ជូនដោយកន្រ្តកខ្សែកាប (Cable Car) មកបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ ទេសចរណ៍នានា។

បន្ថែមពីលើនេះតំណាងក្រុមហ៊ុន ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយចីរភាព(Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly)។

ជាមួយគ្នានេះ លោកស្រី កុយ សុដានី បានបង្ហាញនូវចំណាប់អារម្មណ៍លើគម្រោងនិងការសិក្សាបឋមដែលក្រុមហ៊ុនលើកយកមកបង្ហាញ ដោយបានគូសបញ្ជាក់ពីសេវាដឹកជញ្ជូនសាធារណៈ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងគិតគូរ និងស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ការតភ្ជាប់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ការស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

លោកស្រី កុយ សុដានី បានបន្ថែមថា ក្រសួងក៏បាននិងកំពុងសិក្សាលើគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈក្នុងទីក្រុងជាច្រើនទម្រង់ រួមមាន Subway, Monorail, AGT ជាដើម ពិសេសនោះគឺការតភ្ជាប់ពីអាកាស យានដ្ឋានអន្តរជាតិថ្មី មកកាន់រាជធានីភ្នំពេញ។

តាមរយៈជំនួបនេះ ភាគីក្រុមហ៊ុន សង្ឃឹមថា ក្រសួងសាសាធារណការ និងដឹកជញ្ជូន នឹងពិនិត្យលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហការរវាងផ្នែករដ្ឋ និងវិស័យឯកជន ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍសេវាដឹកជញ្ជូន សាធារណៈនៅកម្ពុជា ឱ្យកាន់តែមានភាពទំនើប និងប្រសើរឡើង៕