(ភ្នំពេញ)៖ លោក សុន ឆ័យ តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់នៅក្នុងវេទិកានយោបាយស្ដីពី «ប្រព័ន្ធយុត្ដិធម៌ និងសិទ្ធិសេរីភាព» ដែលរៀបចំធ្វើនៅព្រឹកមិញនេះថា ការធ្វើមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិនៅពេលខាងមុខនេះ គឺមិនមែនជាដំណោះស្រាយនោះទេ មានតែធ្វើឲ្យខាតទៅដល់គណបក្សនយោបាយធំៗទាំងពីរ និងប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ថ្លែងនៅក្នុងវេទិកានយោបាយស្ដីពី «ប្រព័ន្ធយុត្ដិធម៌ និងសិទ្ធិសេរីភាព» នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ឲ្យដឹងថា «យប់មិញលឺថាមានការចល័តកងទ័ពទៀត ហោះចុះ ហោះឡើង ក្រឡឹងមួយភ្លេតទៅ នៅលើដំបូងគណបក្សតិចទៅបន្តទៅមុខតិចទៅ ខ្វែលទាំងមុខ ទាំងក្រោយ ខ្ញុំសូមបញ្ជាក់ថា ការដែលធ្វើបែបនេះដោយសារយកលេសថា សង្រ្គោះជាតិបានប្រកាសថា អាចនឹងធ្វើមហាបាតុកម្មមួយ នៅថ្ងៃណាមួយនោះ វាមិនដោះស្រាយបញ្ហាទេ ពីព្រោះការប្រកាសនេះ បើតាមដែលខ្ញុំដឹងមិនមែនទើបតែប្រកាសក្រោយកាត់ទោស ឯកឧត្តម កឹម សុខានោះទេ ហើយរឿងធំគឺវាមិនចំណេញដល់នរណាទេ គណបក្សធំក៏ខាត គណបក្សម្ខាងទៀតក៏មិនចំណេញ ប្រជាពលរដ្ឋក៏មិនចំណេញ អ្នកវិនិយោគក៏មិនចំណេញ ស្អីក៏មិនចំណេញដែរ»

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះគណបក្សសង្រ្គោះជាតិ បានគំរាមលើស្ថាប័នតុលាការ ដោយប្រកាសត្រៀមធ្វើមហាបាតុកម្មមួយនៅពេលខាងមុខនេះ ដើម្បីទាមទារឱ្យមានដំណោះស្រាយ នយោបាយ ខណៈលោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល។

ទោះជាយ៉ាងណា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានហើយថា បាតុកម្មរបស់គណបក្សប្រឆាំងមិនអនុញ្ញាតជាដាច់ខាត។ សម្តេចបាន បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ​ត្រៀមខ្លួនទប់ទល់ និងកំចាត់មហាបាតុកម្មនោះផងដែរ៕