(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានកោតសរសើរចំពោះការរៀបចំ សមាគមសិល្បករកម្ពុជា ចាប់ពីមានការបោះឆ្នោតជ្រើសរើស លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានថ្មី។

ការកោតសរសើរបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អនុញ្ញាតឱ្យប្រតិភូ សមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្តេចបានគូសបញ្ជាក់ថា ការកកើតឱ្យមានសមាគម គឺជារឿងល្អហើយ ក៏ប៉ុន្តែការធានានិរន្តរភាព ជាការលំបាក។ សម្តេច ជឿជាក់ថា នៅក្នុងអាណត្តិថ្មីនេះ សមាគមអាចចៀសផុតពីការលំបាកដែលកើតមានកន្លងមក តាមរយៈ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ និងការពង្រឹងសីលធម៌របស់សិល្បករ សិល្បការិនី។

សម្តេចក៏បានរំលឹកអំពីដំណាក់កាលរស់ឡើងវិញនៃសិល្បៈ ចាប់ពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និងដំណាក់កាលប្រមូលទុន ធនធានមនុស្ស ដែលបានខិតខំជាបន្តបន្ទាប់ ជាពិសេស ក្រោយ ពេលកម្ពុជាបានសន្តិភាពពេញលេញដោយសារនយោបាយឈ្នះ-ឈ្នះ។ ចាប់ពីឆ្នាំ១៩៩៨មក ប្រទេសយើងវិវត្តដល់ដំណាក់កាលថ្មី គឺដំណាក់កាលអភិរក្ស និងអភិវឌ្ឍ។ សម្តេចបានលើកឡើងថា «យើងអភិរក្សរបស់មានស្រាប់ និងខិតខំឆ្នៃប្រឌិតថ្មី។ សម័យយើងនេះ ការការពារកម្មសិទ្ធិបញ្ញា មិនងាយស្រួលទេ ដោយសារការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា។ បញ្ហាប្រឈមធំ នៅពេលខាងមុខ គឺ បញ្ញាសិប្បនិម្មិត (AI) ដែល ជំនួសការងារមនុស្សកាន់តែច្រើនឡើង។»

សម្តេចបានគូសបញ្ជាក់ថា «ខ្មែរយើងរក្សាអត្តសញ្ញាណរបស់យើងបាន ដោយសារ កាលពីសម័យបារាំង ទីអារាម និងព្រះបរមរាជវាំង គឺជាទីដែលរក្សាកេរដំណែល វប្បធម៌មរតកជាតិ ហើយ ទោះខ្មែរក្រហមបានបំផ្លាញយ៉ាងណាក្តី ក៏យើងបានគាស់យកមកវិញ នូវវប្បធម៌ និង សិល្បៈ ដូចជា ពិធីអាពាហ៍ពិពាហ៍ ...។ ការការពារសិល្បៈ និង វប្បធម៌ គឺជាកាតព្វកិច្ចរបស់យើង។»

សម្តេចបានលើកឡើងថា ចាប់ផ្តើមអាណត្តិថ្មី សិល្បករជាច្រើន បានមើលឃើញថា សមាគមមានភាពរឹងមាំ សាមគ្គីភាព និងមានរចនាសម្ព័ន្ធដឹកនាំ និង មានលទ្ធភាពអាចជួយគេ។ នៅក្នុងចំណុចនេះ មិនគួរគិតថា សមាគមសិល្បករខ្មែរ ជាសមាគមសប្បុរសធម៌ទេ។ សម្តេចបានផ្តល់អនុសាសន៍ឱ្យរកវិធីសាស្ត្រជួយពង្រឹងតួនាទីរបស់សិល្បករសម្រាប់រយៈពេលវែង ដូចជា ជួយដល់ការបណ្តុះបណ្តាលកូនសិល្បករ ហើយ នៅពេលរៀនចប់ ជួយពួកគេក្នុងការរកការងារធ្វើ។ «យើងចង់បណ្តុះបណ្តាល កុំឱ្យសិល្បករខ្វះអ្នកបន្តវេន ឬ អ្នកទ្រទ្រង់ជំនាន់ក្រោយ។ សមាគម គួររៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ លើជំនាញនីមួយ រួមទាងប្រធានបទក្រមសីលធម៌វិជ្ជាជីវៈ»។

សម្តេចតេជោ បានណែនាំឱ្យ ពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីរបស់យើង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវពិនិត្យកំណត់លក្ខណវិនិច្ឆ័យ ហើយ សមាគមយកទៅអនុវត្ត។ សកម្មភាពសង្គម សេដ្ឋកិច្ច ឆ្លុះបញ្ចាំងតាមសកម្មភាពវប្បធម៌។ ក្រសួងវប្បធម៌ ត្រូវជំរុញឱ្យមានការកសាងក្របខ័ណ្ឌ បែបបទគតិយុត្តសមាគម ឱ្យបានគ្រប់គ្រាន់ ដូចសុភាសិតមួយចែង ថា «បើឈរមិនទាន់រឹង កុំរត់»។ ក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុក មូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែឆ្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយ និងត្រូវចុះបញ្ជីទាំងអស់។ ការចុះបញ្ជី គឺ កុំឱ្យកូនចៅជំនាន់ក្រោយ ច្រឡំ។ នេះហើយជា ការអភិរក្ស ដើម្បី អភិវឌ្ឍ និង ការអភិវឌ្ឍ ដើម្បីអភិរក្ស។ ប្រទេសមួយ រីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំង សិល្បៈ។»

ជាការទ្រទ្រង់ដល់សមាគម សម្តេចតេជោ បានអំពាវនាវដល់បណ្តាញផ្សព្វផ្សាយក្នុងស្រុក ឱ្យមានក្រុមផលិត ផ្សព្វផ្សាយសកម្មភាពរបស់សមាគម រួមទាំង តាមវែបសាយ Youtube TikTok ...។ល។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានសម្រេចជួយឧបត្ថម្ភទ្រទ្រង់ សមាគមសិល្បករខ្មែរ ចំនួន ១០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះតទៅ។

ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានជូនពរ អ្នកឧកញ៉ា ម៉ៅ ចំណាន និង សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគម ឱ្យមានសុខភាពល្អ និងជោគជ័យជាបន្តបន្ទាប់ទៀត៕