ក្រសួងការបរទេស ជួយអន្តរាគមន៍ស្រ្តីខ្មែររងគ្រោះ ៥នាក់ នៅប្រទេសចិន ឲ្យបានត្រឡប់មកមាតុភូមិកម្ពុជាវិញ
14-09-2016 12:54
(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ពីការជួយអន្តរាគមន៍ ស្ត្រីខ្មែរដែលរងគ្រោះចំនួន៥នាក់ នៅប្រទេសចិនឲ្យបានត្រឡប់មកកាន់ មាតុភូមិកម្ពុជាវិញ។
ក្រសួងការបរទេស កបានបញ្ជាក់ថាទៀតថា ក្នុងចំណោមស្ត្រីខ្មែរទាំង៥នាក់ មាន៣នាក់ ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន សហការជាមួយប៉ូលីសក្រុង Leping នៃខេត្ត Jiangxi ប្រទេសចិន បានអន្តរាគមន៍ជួយឲ្យត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីត្រូវបានមេខ្យល់ បោកបញ្ឆោតយកទៅរៀបការ ជាមួយបុរសជនជាតិចិន ដោយពួកគេបាន ត្រឡប់មកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង២៣៖៣០ នាទី តាមជើងយន្តហោះលេខ CZ323 ។
ជាមួយគ្នានេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែរ២នាក់ ដែលត្រូវបានមេខ្យល់នាំ ទៅរៀបការបុរសជនជាតិចិន នៅខេត្តហ៊ឺណាន និងខេត្តជាំងស៊ី ឲ្យបានត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៣៖៣០នាទី តាមជើងយន្តហោះលេខ CZ5069 ព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕